តាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងបុគ្គលចំនួន ៧៨នាក់ និងអង្គភាពចំនួន ០៨ នៅក្នុងប្រទេសបេឡារុស ដែលជាផ្នែកមួយឆ្លើយ តបទៅនឹង ការបង្ខំជើងហោះហើរដឹកអ្នកដំណើរមួយ ទៅកាន់ទីក្រុង មីនក៍ (Minsk) កាលពីខែមុន។
បុគ្គលចំនួន ០៧នាក់ និងអង្គភាពមួយត្រូវបានដាក់ទណ្ឌកម្ម ទាក់ទងនឹងអ្វីដែលសហភាពអឺរ៉ុប ជឿជាក់ថា បានបង្ខំឱ្យយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ រ៉ាយអឺនអ៊ែរ (Ryanair) ចុះចតនៅអាកាសយាដ្ឋាននៃទីក្រុង Minsk ប្រទេសបេឡារុស ដើម្បីចាប់ខ្លួនអ្នកកាសែត ប្រឆាំងម្នាក់ ដែលជិះលើយន្តហោះនោះ។
ជុំវិញបញ្ហាខាងលើនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសិព បូរ៉ែល (Josep Borrell) បានគូសបញ្ជាក់ថា ប្លុកនេះក៏កំពុងរៀបចំការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសបេឡារុសដែរ។
បើតាមក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប ទណ្ឌកម្មជុំទី ៤ ប្រឆាំងនឹង ប្រទេសបេឡារុសនាពេលឥឡូវនេះ កំពុងអនុវត្តទៅលើមនុស្សសរុបចំនួន ១៦៦នាក់ និងអង្គភាព ចំនួន ១៥។ លោក Borrell បានគូសបញ្ជាក់បន្ថែមថា លោកមិនបានរាប់បញ្ចូលទណ្ឌកម្មជុំទី ៥ នោះទេ៕