យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលទទួលបាន បានអោយបញ្ជាក់អោយ ដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងចូលរួមពិធីបើកនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុង ផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀត ណាម តាមប្រព័ន្ធវីដេអូ។
ការចូលរួមពិធីនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅ ក្នុងពិធីបើកកិច្ចសន្ទនាខាងលើនេះ ជាមួយនឹង លោក ប៊ូយ ថាញ់សឺន លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាន គណៈកម្មការអឺរ៉ុប លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង លោក Sergey V. Lavrov រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៉ី ផងដែរ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសថា សុន្ទរកថាគន្លឹះរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹង ផ្តោត លើដំណើរការនៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះមួយ ក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល ការធ្វើឱ្យ ប្រសើរ ឡើងវិញនូវពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះ ពាល់របស់ជំងឺនេះទៅលើវិស័យសេដ្ឋកិច្ច-សង្គម ជាដើម។ ក្នុងន័យនេះ មូលបទនៃកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ដែលកម្ពុជាបានដាក់ ចេញ «ការពង្រឹងពហុភាគីនិយមដើម្បី កំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេលណាៗទាំងអស់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងចែករំលែកចក្ខុវិស័យរបស់លោកលើអនាគតរបស់ ASEM នៅឆ្នាំខាងមុខផងដែរ ជាពិសេស គឺកិច្ចសហប្រតិបត្តិការពហុវិស័យរបស់ ASEMដើម្បី សន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា៖ ក្នុងការរំលឹកខួប២៥ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប កិច្ចសន្ទនា ជាន់ខ្ពស់នេះ នឹងផ្តល់នូវកាលានុវត្តភាព សម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធទាំងអស់ដើម្បី (១)ឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ ASEM សម្រេចបាននាពេលកន្លងមក (២) វាយតម្លៃពីទំនោរថ្មីៗ ដែលនឹងអាចជះឥទ្ធិពលមកលើតួនាទីរបស់ ASEM (៣) កំណត់វិស័យសហប្រតិបត្តិការសំខាន់ៗ របស់ ASEM និង (៤) ជំរុញភាពជាដៃគូ អាស៊ី-អឺរ៉ុបឱ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងបរិបទ នៃពិភពលោកដែលកំពុងមានការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ៕