ប្រទេសថៃកំពុងសិក្សាពីការចាក់វ៉ាក់សាំងដូសទី៣ ដោយសារវីរុសបច្ចុប្បន្នឆ្លងខ្លាំងជាងមុន

ក្រសួងសុខាភិបាលរបស់ថៃ កំពុងតែពន្លឿនការសិក្សាអំពីការចាក់ដូសទី៣ សំរាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញហើយ ដោយសារវីរុសកូរ៉ូណាសព្វថ្ងៃឆ្លងខ្លាំងជាងវីរុសមុនៗ។

ក្រុមការងារសិក្សាស្រាវជ្រាវនេះក៏ពិនិត្យុមើលថាតើ មនុស្សចាក់វ៉ាក់សាំងកូវីដ១៩មកពីក្រុមហ៊ុនផ្សេងៗគ្នា មានសុវត្ថិភាពឬប្រតិកម្មយ៉ាងណា។ចំនួនអ្នកឆ្លងកូវីដ១៩នៅថៃជាមួយនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទដែលតា(Delta)ដែលគេរកឃើញដំបូងនៅប្រទេសឥណ្ឌា កំពុងកើនឡើងហើយទំនងជាចូលជំនួសវីរុសប្រភេទអាល់ហ្វា(Alpha)ដែលគេរកឃើញដំបូងនៅអង់គ្លេស។

យោងតាមការសិក្សាថ្មីមួយចុះផ្សាយក្នុងសារព័ត៌មានវេជ្ជសាស្ត្រអង់គ្លេសThe Lancetកាលពីថ្ងៃ១៤មិថុនា គេត្រូវការភាពស៊ាំរាងការកំរិតខ្ពស់ដើម្បីប្រឆាំងនឹងវីរុសប្រភេទDelta។

ការសិក្សានៅស្កត់លែនបានយកវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer និង AstraZeneca តែនៅតែបង្ហាញថាវាមានប្រសិទ្ធភាពទាបនៅក្នុងការទប់ទល់នឹងវីរុសប្រភេទDeltaពោលគឺក្រោយការចាក់បាន១៤ថ្ងៃ វ៉ាក់សាំងPfizerមានប្រសិទ្ធភាព៧៩ភាគរយ និងAstraZenecaបាន៦០ភាគរយទល់នឹងវីរុសកូរ៉ូណាប្រភេទដែលតា។

ជាមួយវីរុសប្រភេទAlphaការសិក្សាស្រដៀងគ្នា បង្កាញថា វ៉ាក់សាំងកូវីដ១៩របស់Pfizerមានប្រសិទ្ធភាពដល់ទៅ៩២ភាគរយនិង៧៣ភាគរយសំរាប់AstraZeneca៕