ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទបានរាយការណ៍អ្នកឆ្លងកូវីដ១៩ចំនួន៥៩៥នាក់ ។វាជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីថ្ងៃ១កុម្ភៈ ។
ការឆ្លងបានហក់ឡើងនៅខែនេះ ជាហេតុនាំអោយមានការព្រួយបារម្ភអំពីការវាយប្រហារពីកូវីដ១៩នៅរលកធំជាងមុនមួយ។ការឆ្លងថ្មីជាច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ជិតព្រំដែនឥណ្ឌា។
ការងារធ្វើតេស្តិ៍រកវីរុសកូរ៉ូណាបានដួលរលំនៅក្រោយរដ្ឋប្រហារថ្ងៃ១កុម្ភៈ នៅពេលបុគ្គលិកសុខាភិបាលចូលរួមចលនាមិនគោរពច្បាប់រដ្ឋដើម្បីប្រឆាំងនឹងការបណ្តេញរដ្ឋាភិបាលស៊ីវិលដែលធ្លាប់បានបង្ក្រាបកូវីដ១៩នៅពីរលើកមកហើយ។ការធ្វើតេស្តិ៍នៅមួយសប្តាហ៍មកនេះបានមួយថ្ងៃប្រមាណ៤.០០០នាក់ធៀបនឹងជាង១៧.០០០នាក់នៅសប្តាហ៍មុនរដ្ឋប្រហារ។
អត្រានៃការរកឃើញអ្នកកើតកូវីដ១៩បានកើនឡើងជិត១២ភាគរយកាលពីថ្ងៃចន្ទ ដោយឡើងជិតស្មើកំរិតកាលពីកូវីដ១៩វាយប្រហារខ្លាំងបំផុតនៅខែវិច្ឆិកាឆ្នាំ២០២០។
ក្នុងពេលជាមួយគ្នានេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងនៅមីយ៉ាន់ម៉ាក៏យឺតខ្លាំងបន្ទាប់ពីរដ្ឋប្រហារ ដោយអ្នកខ្លះមិនព្រមចាក់វ៉ាក់សាំងពីសំណាក់អាជ្ញាធរគ្រប់គ្រងដោយរបបយោធា ដើម្បីជាការបង្ហាញការមិនគោរពស្តាប់បង្គាប់។អតីតប្រធានកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសនេះរួមជាមួយវេជ្ជបណ្ឌិតជាច្រើននាក់ក៏ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ថាធ្វើការជាមួយក្រុមក្បត់៕