ប្រទេសរុស្ស៊ី និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាប្តេជ្ញាពង្រឹងទំនាក់ទំនងនៅកិច្ចប្រជុំក្នុងទីក្រុងមូស្គូ

លោកនីកូឡាយ ផាទ្រូសេវ ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនិងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានប្តេជ្ញាចិត្តពង្រឹងសន្តិសុខនិងចំណងទាក់ទងផ្សេងទៀតរវាងប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី២១ មិថុនាម្សិលមិញ ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង បានហោះទៅរដ្ឋធានីរុស្ស៊ីកាលពីថ្ងៃអាទិត្យដើម្បីចូលរួមសន្និសីទសន្តិសុខមួយនៅសប្តាហ៍នេះ។

ទីភ្នាក់ងារសារព័ត៌មាន Interfax រាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវកាលពីថ្ងៃចន្ទបាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីនមិនបានជួបជាមួយលោកមីន អ៊ុងហ្លាំងទេ។ក្រុមសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្គូថាធ្វើឱ្យស្របច្បាប់នូវរបបយោធាមីយ៉ាន់ម៉ាដែលបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈដោយបន្តទស្សនកិច្ចទ្វេភាគីនិងកិច្ចព្រមព្រៀងអាវុធ។រុស្ស៊ីនិយាយថាខ្លួនមានទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ាហើយនិយាយកាលពីខែមីនាថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកើនឡើងនៃចំនួនស្លាប់របស់ជនស៊ីវិលនៅមីយ៉ាន់ម៉ា។

ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរមានការរីកចម្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយទីក្រុងមូស្គូបានផ្តល់ការបណ្តុះបណ្តាលដល់កងទ័ពនិងអាហារូបករណ៍សាកលវិទ្យាល័យដល់ទាហានរាប់ ពាន់នាក់ក៏ដូចជាការលក់អាវុធឱ្យទៅយោធាមីយ៉ាន់ម៉ាដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយបណ្តាប្រទេសលោកខាងលិច៕