ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយតឺតេ បានគំរាមដាក់គុកអ្នកណាដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាខណៈហ្វីលីពីនកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដដ៏អាក្រក់បំផុតមួយនៅអាស៊ី ជាមួយករណីឆ្លងជាង ១,៣ លាននាក់និងស្លាប់ជាង ២៣.០០០ នាក់។
បន្ទាប់ពីមានអ្នកចេញមកចាក់វ៉ាក់សាំងតិចតួចនៅតាមទីតាំងចាក់ថ្នាំបង្ការ លោកឌុយតឺតេ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃចន្ទទី២១មិថុនាថា”អ្នកជ្រើសរើសវ៉ាក់សាំងឬក៏ត្រូវឱ្យខ្ញុំចាប់អ្នកឯងដាក់គុក”។
សម្តីរបស់លោកឌុយតឺតេ គឺផ្ទុយពីការលើកឡើងរបស់មន្ត្រីសុខាភិបាលរបស់គាត់ដែលនិយាយថា ខណៈប្រជាជនត្រូវបានជំរុញឱ្យទទួលវ៉ាក់សាំងកូវីដ១៩ វាជាការស្ម័គ្រចិត្ត។ លោកឌុយតឺតេ និយាយថា “កុំធ្វើឱ្យខ្ញុំខឹង កំពុងមានវិបត្តិនៅក្នុងប្រទេសផង។ ខ្ញុំគ្រាន់តែខឹងជនជាតិហ្វីលីពីនដែលមិនយកចិត្តទុកដាក់លើរដ្ឋាភិបាល”។
គិតត្រឹមថ្ងៃទី ២០ ខែមិថុនា អាជ្ញាធរហ្វីលីពីនបានចាក់វ៉ាក់សាំងការពារប្រជាជនបានពេញលេញចំនួន ២,១ លាននាក់ដែលជាការកត់សម្គាល់វឌ្ឍនភាពដ៏យឺតយ៉ាវរបស់រដ្ឋាភិបាលដែលកំណត់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជន ៧០ លាននាក់នៅឆ្នាំនេះក្នុងប្រទេសដែលមានប្រជាជនសរុប ១១០ លាននាក់៕