ចំនួនអ្នកឆ្លងកូវីដ១៩នៅឥណ្ឌូនេស៊ី ឡើងហួស២លាននាក់ ខណៈបណ្តាមន្ទីរពេទ្យចាប់ផ្តើមពេញអ្នកជំងឺកូវីដ១៩ និងប្រទេសកំពុងប្រឈមដោះស្រាយនឹងការឆ្លងវីរុសបំប្លែងខ្លួនឆ្លងខ្លាំងប្រភេទ ដែលតា។ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះ បានរាយការណ៍អ្នកឆ្លងថ្មីចំនួន១៤.៥៣៦នាក់ ជាចំនួនឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសនេះចាប់តាំងពីកូវីដ១៩បង្ហាញខ្លួននៅដើមឆ្នាំមុនមក។ជាមួយនឹងចំនួនឆ្លងថ្មីនេះ ឥឡូវឥណ្ឌូនេស៊ីមាន អ្នកឆ្លងសរុប ២.០០៤.៤៤៥នាក់។ចំនួនអ្នកស្លាប់កើនដល់៥៤.៩៥៦នាក់ បន្ទាប់ពីអ្នកជំងឺ២៩៤នាក់បានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យបានប្រកាសអ្នកឆ្លងថ្មី១៣.៧៣៧នាក់។ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់ក៏ចាប់ផ្តើមកើនឡើងនៅពេលអត្រាអ្នកជំងឺកូវីដ១៩ចូលសម្រាកពេទ្យឡើងហួស៧០ភាគរយនៅតាមទីក្រុងនៅទូទាំងប្រទេស។មនុស្ស៣៧១នាក់ទៀតបានស្លាប់កាលពីថ្ងៃអាទិត្យ ដែលជាចំនួនស្លាប់ខ្ពស់បំផុតចាប់ តាំងពីខែឧសភា។ឥឡូវនេះប្រទេសឥណ្ឌូនេស៊ី ពឹងលើវ៉ាក់សាំងដើម្បីបង្ក្រាបវីរុសឆ្លងនេះ ដោយរដ្ឋាភិបាលសន្យាចាក់អោយបានមួយថ្ងៃមួយលានដូស ចាប់ពីថ្ងៃ១ កក្កដាទៅ បូករួមទាំងការកំហិតចលនាមនុស្ស។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បាននិយាយកាលពីថ្ងៃចន្ទថា ការជួបជុំសាសនានិងសង្គមត្រូវហាមឃាត់នៅតំបន់ប្រឈមខ្លាំង ។
ប៉ូលិសនិងទាហានត្រូវបានដាក់ពង្រាយដើម្បីធានាការអនុវត្តច្បាប់បង្ការជំងឺកូវីដ១៩។ លោកបានបញ្ជាក់ថា វីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទដែលតា ដែលគេរកឃើញដំបូងនៅឥណ្ឌានិងបាននិងកំពុងចម្លងទៅពាសពេញពិភពលោក ជាប្រភេទវីរុសដែលចម្លងពាសពេញក្រុងគូឌូសនិង បេងកាឡាននៅកោះជ្វា របស់ឥណ្ឌូនេស៊ី។រដ្ឋធានីហ្សាការតា ក៏ជាចំណុច ក្តៅនៃការវាយប្រហាររបស់វីរុសកូរ៉ូណាប្រភេទនេះដែរ ហើយកំពុងត្រូវការបុគ្គលិកសុខាភិបាលជាង១ពាន់នាក់ទៀត៕