អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញ បង្កកពីប្រទេសឥណ្ឌាឡើងវិញ

ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា បានសម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេស ឥណ្ឌាឡើងវិញ បន្ទាប់ពីបានផ្អាកនាំចូលមួយរយៈ ដោយសារតែការផ្ទុះឡើងនៃការរីករាលដាល នៃជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅប្រទេសឥណ្ឌារួចមក។ នេះបើតាមលិខិតរបស់ឯកឧត្តម គុណ ញឹម ដែល ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ។

លិខិតរបស់ឯកឧត្តម គុណ ញឹម បានលើកឡើងថា យោងតាមស្ថានភាពធូរស្រាល នៃការឆ្លងរាល ដាលជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កក នាពេល កន្លងមក រាជរដ្ឋាភិបាលបានសម្រេចលើកលែង បម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា ដោយដាក់មកជំនួសវិញនូវ វិធានការបណ្តោះអាសន្នដូចខាងក្រោម៖

១៖ តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរ មានសមត្ថកិច្ចនៃ ប្រទេស ដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក។

២៖ នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

ឯកឧត្តម បណ្ឌិតបន្តថា យោងតាមពេលវេលា និងការវិវត្តជាក់ស្តែង ការអនុវត្តលក្ខខណ្ឌទាំង២ ខាងលើនេះ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំងស្រុង ផ្អែកលើស្ថានភាពធូរស្រាលនៃការរីក រាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា បើរកឃើញថា អវិជ្ជមានជាបន្តបន្ទាប់។

គួរជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បាន សម្រេចផ្អាកជាបណ្តោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយ ចំពោះ សាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានីភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ យ៉ាងធ្ងន់ធ្ងរ នៅប្រទេសឥណ្ឌា៕