រដ្ឋមន្ត្រីបរិស្ថានបានលើកឡើងថា ការធ្វើអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសង្គមនោះទេ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ការធ្វើអាជីវកម្មរ៉ែមាស របស់ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វាមានស្ថានភាពធូរស្រាលលើបញ្ហាបរិស្ថាន ព្រោះក្រុមហ៊ុន តម្រូវឱ្យធ្វើការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន និងសង្គម ហើយកិច្ចការងារនេះ គឺក្រុមហ៊ុនត្រូវធ្វើជាមួយក្រសួងបរិស្ថាន។

ការបញ្ជាក់បែបនេះ របស់ ឯកឧត្តម រដ្ឋមន្រ្ដី សាយ សំអាល់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន «ខ្ញុំសូមជម្រាបជូនថា ការធ្វើអាជីវកម្មមាស កម្រិត ឧស្សាហកម្មនេះ តាមពិតទៅវាធូរស្រាលទេ បញ្ហាបរិស្ថាននេះ ព្រោះដោយសារទី១ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ គឺយើងតម្រូវឱ្យគាត់ធ្វើការវាយតម្លៃ ផលប៉ះពាល់បរិស្ថាន និងសង្គម ហើយកិច្ចការងារនេះគឺគាត់ត្រូវធ្វើជាមួយក្រសួងបរិស្ថាន»។

ឯកឧត្តម សាយ សំអាល់ បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលបានធ្វើកិច្ចការងារនេះ បានយ៉ាងល្អិតល្អន់ជាមួយក្រសួងបរិស្ថាន ដូចអ្វី ដែលបានមើលឃើញនាថ្ងៃនេះជាដើម។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានកោតសសើរចំពោះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ចំពោះស្តង់ដារ ដោយមិនត្រឹមតែមកធ្វើអាជីវកម្មរ៉ែមាស នៅក្នុងទឹកដីកម្ពុជានោះទេ ប៉ុន្តែក្រុមហ៊ុនក៏ ត្រូវឆ្លើយតបទៅនឹងសង្គមជាតិ និងប្រជាជនផងដែរ។ ដូច្នេះ ការធ្វើអាជីវកម្មរបស់ខ្លួនគឺមិនប៉ះពាល់ ដល់ផលអាក្រក់ដល់ប្រជាជននោះទេ។

«រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានរួមជាមួយក្រុមដទៃទៀតនៅលើពិភពលោកក្នុងការ ប្តេជ្ញាចិត្តខ្ពស់ថា មិនធ្វើអ្វីដែលប៉ះពាល់ដល់បរិស្ថាន ប្រជាជន និងសហគមន៍ដែលរស់នៅជុំវិញ តំបន់ដែលខ្លួនបានធ្វើអាជីវកម្ម។

តែជារួមយើងបានធ្វើការងារនេះយ៉ាងល្អិតល្អន់ណាស់ យើងមិន ចង់ឱ្យមានការអភិវឌ្ឍអ្វីមួយដែលប៉ះពាល់ដល់ប្រជាជនយើងនោះទេ»។ នេះជាបញ្ជាក់បន្ថែម របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

បើតាមឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វត្តមាននៃរោងចក្រ ចម្រាញ់ រ៉ែមាស របស់ក្រុមហ៊ុម រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា លីមីធីត ដែលត្រូវបានបើកដំណើរ ការនៅថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ជាការបង្កើតកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការ ចាប់ផ្ដើម ឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីការខិតខំប្រឹង ប្រែង របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា។

ឯកឧត្តម ស៊ុយ សែម បានបន្តថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពី នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមក នូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិជូនជាតិ និងមាតុភូមិ ដែលជាកត្តាចាំបាច់ បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគ ទ្រង់ទ្រាយធំនៅក្នុងវិស័យធនធាន រ៉ែនេះ។

ឯកឧត្តម រដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភា ពជីកយករ៉ែឆៅប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។

ការធ្វើអាជីវកម្មរ៉ែមាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិ ខ្មែរ៤២៧នាក់ និងបរទេស៣៥នាក់ ហើយអាចទាញយកចំណូលដុលប្រមាណ១៨៥លានដុល្លារ អាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ»។

បើតាមលោក Simon Lee ជាប្រធានក្រុមហ៊ុន Emerald Resources NL ជាក្រុមហ៊ុនចុះបញ្ជី នៅក្នុងទីផ្សារភាគហ៊ុនអូស្ត្រាលី ASX ដែលជាម្ចាស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បានថ្លែងឲ្យដឹងថា ការប្រកាសបើកដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុង តំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី គឺជាជោគជ័យមួយនៃប្រតិបត្តិការដ៏មានសារៈ សំខាន់ ចំពោះអ្នកទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តម ប្រធានបានបន្ថែមថា អ្វីៗទាំងនេះប្រាកដជាមិនអាចធ្វើទៅបានទេ បើគ្មានការដឹកនាំពី ក្រុមប្រតិបត្តិការ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ ហើយទាំងអស់នេះក៏ មិនអាចសម្រេចទៅបានដែរ បើគ្មានការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងសហការ ពីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕