តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី២១ ខែ មិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៧២ករណីបន្ថែមទៀត ក្នុងនោះ០៥ករណី ជាករណីនាំចូល។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃចន្ទនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ង ច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន ១៦៦នាក់ ខណៈដែលទីក្រុងមួយនេះបាន សម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នា លើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញ ក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។
ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៥១ករណី, ខេត្ត Binh Duong ចំនួន២១នាក់, ខេត្ត Bac Ninh ចំនួន១៣នាក់, ខេត្ត Nghe An ចំនួន០៥នាក់, ទីក្រុង Đà Nẵng ចំនួន០៤ករណី ខណៈ០៧ករណីទៀតនៅតាមខេត្តផ្សេងទៀត។
សូមបញ្ជាក់ថា ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០៣នាក់ ផងដែរ។
សរុបមក គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៤៨៣នាក់ ក្នុងនោះស្លាប់ ៦៩នាក់៕