មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងគ្រោងចំណាយថវិកាចំនួនប្រមាណជា ៤៩៣លានដុល្លារដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)នៅកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) ។
លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនាថា ថវិកាដែលគ្រោងចំណាយនេះគឺផ្ដោតលើ យុទ្ធសាស្ត្រសំខាន់ៗចំនួនបួន។រួមមាន៖
១.ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ
២.ការបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល
៣.ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីជំនាញនិងគ្រូបច្ចេកទេសនិង និង
ទី៤.ការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។
លោកបានលើកឡើងថា “ថវិកានេះជាថវិកានៅក្នុងផែនការមេ សម្រាប់អភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឲ្យការបណ្តុះបណ្តាលបានច្រើនតាមតម្រូវការអ្នកចង់ទទួលសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសនេះក៏ដូចជាតម្រូវការទីផ្សារការងារគឺយើងធ្វើម៉េចខិតខំកែលម្អរកសាងអគារសិក្សា រោងជាង បន្ទប់ពិសោធន៍ ថ្លៃស្នាក់នៅបន្ថែមទៀតដើម្បីទទួលសិស្សឲ្យបានច្រើនជាងនេះ។
ហើយឧបករណ៍សម្ភារៈក៏យើងត្រូវបំពាក់បន្ថែម ការបណ្តុះបណ្តាលគ្រូ អ្នកដឹកនាំក៏ដូចជាបង្កើនអាហាររូបករណ៍យើងត្រូវធ្វើញ្ចឹងគឺលុយទាំងអស់ ហើយប្រាក់ចំនួន៤៩៣លាននេះគឺស្ថិតក្នុងផែនការ។
ទាក់ទងការគៀងគរឲ្យបានប្រាក់ទាំងអស់នេះ លោកបានបញ្ជាក់ថា ក្រសួងនឹងព្យាយាមទៅរកថវិការ ការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ក៏ដូចជាសប្បុរជននានាដែរ”។
នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY កាលពីកន្លងទៅ នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អនិងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនម្នាក់ៗដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្ដល់លទ្ធភាព ឲ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។
លោកបានបន្តថាហេតុដូច្នេះហើយទើបរដ្ឋាភិបាល បានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំវិជ្ជាជីវៈបណ្ដាលបច្ចេកទេសដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមកបានដោយងាយស្រួលនឹងបើកឱកាសអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណាទីកន្លែងណានិងវិធីណាក៏បានស្របទៅ តាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ ៕