តាមការចេញផ្សាយ ដោយសារព័ត៌មានចិន Global Times នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១បញ្ជាក់ថា គ្រាប់រ៉ុក្កែត Long March-2F Y12 ដែលផ្ទុកយានអវកាស ហ្សិនចូវ ១២ (Shenzhou-12) និង អវកាសយានិកចំនួន ០៣រូប បានហោះឡើងទៅកាន់ទីអវកាស ប្រកបដោយ ជោគជ័យហើយ ដោយពួកគេនឹងត្រូវចូលរួមកសាង ស្ថានីយអវកាសដំបូងរបស់ចិន ដែលកំពុងលេច រូបរាងជាបណ្តើរៗ។ ការបាញ់បង្ហោះយានផ្ទុកអវកាសយានិកទាំង ០៣រូបខាងលើនេះ ត្រូវបានធ្វើ ឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ចេញពីមូលដ្ឋានបាញ់ បង្ហោះ ជីវក្វាន់ (Jiuquan) នៃតំបន់វាលខ្សាច់ ហ្គោពី (Gobi) ស្ថិតនៅក្នុងខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេសចិន។
អវកាសយានិកទាំង ០៣រូប ដែលត្រូវជាក្រុមដំបូងគេ នៃបេសកកម្មនេះ នឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ សម្រាប់ រយៈពេល ០៣ខែ។
អវកាសយានិកចិនទាំង ០៣រូប គឺសុទ្ធសឹងតែជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវិស្វកម្មជើងចាស់ របស់ចិន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការស្រាវជ្រាវទីអវកាសជាច្រើនឆ្នាំមកហើយ ក្នុងនោះ មានដូចជាលោក នី ហៃហ្សេង (Nie Haisheng), លោក លីវ ប៉ូមីង (Liu Boming) និងលោក ថាង ហុងប៉ូ (Tang Hongbo)។
សូមជម្រាបថា យានអវកាស Shenzhou-12 ត្រូវបានផ្តាច់ខ្លួនពីគ្រាប់រ៉ុក្កែត Long March-2F Y12 នៅក្រោយរយៈពេល ៥៧៣វិនាទីនៃការបាញ់បង្ហោះ ចេញពីផ្ទៃផែនដី។ យាន Shenzhou-12 និងអវកាសយានិក ០៣រូបនេះ គឺស្ថិតក្នុងបេសកកម្មបាញ់បង្ហោះលើកទី ០៣ ក្នុងចំណោមបេស កកម្មសរុបចំនួន ១១ ដែលចិនត្រូវបំពេញ ដើម្បីកសាងស្ថានីយអវកាសថ្មីឲ្យរួចរាល់ នៅអំឡុងចុង ឆ្នាំ២០២២។
បេសកកម្មបាញ់បង្ហោះទី ១ គឺជាបន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានធ្វើឡើងកាល ពីថ្ងៃទី២៩ ខែមេសា និងទី ២ គឺបន្ទប់ស្តុកទំនិញ ធានចូវ ២ (Tianzhoi-2) កាលពីថ្ងៃទី២៩ ខែ ឧសភា៕