រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានពី ការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៥នាក់ថ្មីបន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តាមរយៈការធ្វើតេស្តរហ័ស។ រដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា អ្នកជំងឺទាំង១៥នាក់នេះ ត្រូវបានរកឃើញនៅស្រុកពេជ្រាដា, ស្រុកអូររាំង ក្រុងសែនមនោរម្យ និងស្រុកកែវសីមា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងពាក់ព័ន្ធ ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បី យកវត្ថុសំណាកទៅពិនិត្យ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានហ្មត់ចត់ មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ពិសេសបងប្អូន ប្រជាពលរដ្ឋ ក្នុងក្រុងសែនមនោរម្យ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តនូវវិធានការពារ «៣ការពារ ៣កុំ និង ២ចូលរួម» របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕