ខណៈកិច្ចប្រជុំកំពូលបានចាប់ផ្តើម លោក Biden និងលោក Putin បានថតរូបរួមគ្នាជាលើកដំបូង

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិចនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានបញ្ជាក់ថា លោក Joe Biden ប្រធានាធិបតីអាមេរិក និងសមភាគី រុស្ស៊ី លោក Vladimir Putin ថតរូបជុំគ្នាលើកដំបូង នៅកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅឯវិមាន Villa La Grange ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ខណៈកិច្ចប្រជុំរបស់ពួកគេកំពុងដំណើរការ។

ប្រធានាធិបតីទាំងពីរបានឈរនៅខាងក្រៅវិមាន Villa La Grange ជាមួយប្រធានាធិបតីស្វីស លោក Guy Parmelin ដែលបានថ្លែងសុន្ទរកថាខ្លីដើម្បីស្វាគមន៍មេដឹកនាំទាំងពីរ។

លោក Parmelin បាននិយាយថា លោកប្រាថ្នាចង់ឲ្យកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរលើកនេះ ប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កាដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរនិងពិភពលោកទាំងមូល។

ក្រោយមកលោកប្រធានាធិបតីBiden និងលោកប្រធានាធិបតី Putin បានចាប់ដៃគ្នា រួចក៏ចូលក្នុង វិមានដើម្បីចាប់ផ្តើមកចិ្ចប្រជុំលើកទី១ របស់ពួកគេ៕