ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះ អាសន្នទីតាំង ផែស្ងួត តែ ម៉េង និងបរិវេណជាប់ពាក់ព័ន្ធជុំវិញ ស្ថិតនៅភូមិអូរពេក សង្កាត់កូនក្រៀល ក្រុងសំរោង ក្រោយរកឃើញពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។
បើតាមសេចក្ដីសម្រេចដែល ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានកំណត់ឲ្យបិទខ្ទប់ទីតាំងផែស្ងួត «តែ ម៉េង» ចាប់តាំងពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការបិទខ្ទប់ជាបណ្តោះអាសន្ន ម្ចាស់ទីតាំង និងអ្នក ពាក់ព័ន្ធត្រូវគោរពឲ្យបានម៉ឺងម៉ាត់ តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត ដែលមានជាធរមាន។
ពាក់ព័ន្ធករណីនេះដែរ លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានថ្លែងប្រាប់ឲ្យដឹងថា ទីតាំង ផែស្ងួត «តែ ម៉េង» នេះ គឺត្រូវបានបិទបណ្តោះអាសន្នកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ លោកថា ការបិទខ្ទប់នេះ គឺបិទខ្ទប់ផ្នែកខាងក្នុងឃ្លាំង ដែលមានមនុស្សជិត២០០នាក់នៅក្នុងនោះ ហើយមានសមត្ថកិច្ចយាមជាប្រចាំផងដែរ ចំណែកផ្នែកខាងក្រៅចាប់ពីខ្លោងទ្វារចូលផែស្ងួត គឺអត់មានបិទទេ។
ជុំវិញការលើកឡើងរបស់អភិបាលក្រុងសំរោង និងយោងលិខិតសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមាន ជ័យ គឺហាក់បីដូចជាខុសគ្នា ព្រោះសេចក្តីសម្រេចរបស់ខេត្តបញ្ជាក់ថា បិទបណ្តោះអាសន្នទីតាំង ផែស្ងួត «តែ ម៉េង» និងបរិវេណជាប់ពាក់ព័ន្ធជុំវិញភូមិអូពក មិនបានបញ្ជាក់ថា បិទផ្នែកខ្លះ នៃទីតាំង ផែស្ងួតនោះទេ៕