ក្នុងរយៈពេល១២០ថ្ងៃទៀត ប្រទេសថៃគ្រោងនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ទាំងអស់ឡើងវិញ

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១គឺ
លោកនាយករដ្ឋមន្ត្រីថៃ បានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធនេះថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១២០ថ្ងៃទៀត។លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា «ឥឡូវនេះវាដល់ពេលដែលយើងត្រូវ សំឡឹងមើលទៅអនាគតនិងបើកប្រទេសនេះឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឲ្យត្រឡប់មកប្រទេសថៃម្តងទៀត។

នេះជាមធ្យោបាយដ៏សំខាន់មួយដើម្បីកាត់បន្ថយការលំបាក ដែលប្រជាជន មិនអាចរកចំណូលបានជាយូរមកហើយ»។

លោកបានសង្កត់ធ្ងន់ថា «ថ្ងៃនេះខ្ញុំសូមជូនដំណឹងថា ខ្ញុំមានគម្រោងបើកប្រទេសថៃបើកឡើងវិញ ក្នុងរយៈពេល ១២០ថ្ងៃទៀត ដោយរាប់ចាប់ពីថ្ងៃនេះតទៅ»។

សូមបញ្ជាក់ថា គោលដៅដែលបានកំណត់ដោយនាយករដ្ឋមន្រ្តីថៃនេះ នឹងធ្វើឱ្យប្រទេសថៃអាចបើក ដំណើរការឡើងវិញ នៅពាក់កណ្តាលខែតុលាខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យបើកដំណើរការឡើងវិញ ឆាប់ៗនេះ ប្រសិនបើពួកគេត្រៀមខ្លួនរួចជាស្រេច។ លោកបន្ថែមថា អ្នកដំណើរដែលបានចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចគួរតែត្រូវបានរួចផុតពីការធ្វើចត្តាឡីស័ក៕