ក្រុមចាក់ភ្នាល់បាល់តំលៃ៦៥លានដុល្លារអាមេរិក ត្រូវបានទីក្រុងហូជីមិញបង្ក្រាប

មនុស្សប្រមាណជាជាងម្ភៃនាក់នៅទីក្រុងហូជីមិញភាគខាងត្បូង ត្រូវបានចាប់ខ្លួនចំពោះការជាប់ពាក់ព័ន្ធរបស់គេក្នុងក្រុមចាក់ភ្នាល់បាល់ខុសច្បាប់មួយ ជាមួយនឹងតំលៃភ្នាល់សរុបកន្លងមកចំនួន១,៥ទ្រីលានដុង(៦៥,៤១លានដុល្លារ)។

ត្រាន់ ង៉ុក ហា ប្រធាននាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌវៀតណាម បាននិយាយថា ប៉ូលិសជាង១០០នាក់ត្រូវបានបញ្ជូនទៅចាប់ខ្លួន ប៊ូយ ទួន អាញ់ អាយុ៣១ឆ្នាំ ដែលជាមេក្រុមបងធំ ជាមួយនឹងមនុស្សជាង២០នាក់ទៀតកាលពីថ្ងៃអាទិត្យ។

ការឆែកឆេរមួយបានរកឃើញសព្វាវុធ ដូចជាកាំភ្លើងខ្លី កាំបិតនិងគ្រាប់កាំភ្លើង ព្រមទាំងឧបករណ៍ចាក់ភ្នាល់ផង។អាញ់ ជាមេដឹកនាំក្រុមជនអន្ធពាលល្បីល្បាញម្នាក់ និងដៃស្តាំរបស់របស់គេឈ្មោះ ត្រាន់ ថេ វិញ។មនុស្សរបស់គេរួមមានគ្នាប្រមាណ៥០នាក់ទៀតដែលធ្វើប្រតិបត្តិការនៅតំបន់រវាងក្រុងហូជីមិញ ខេត្តប៊ិញយឿងនិងដុងណាយ។

អ្នកស៊ើបអង្កេតម្នាក់បានអោយដឹងថា «ក្រុមនេះមានជាប់ពាក់ព័ន្ធការវាយប្រហារជាច្រើន ហើយជនរងគ្រោះមិនដែនហ៊ានរាយការណ៍ជូនអាជ្ញាធរទេ ដោយសារតែក្រុមនេះគ្រោះថ្នាក់ពេក»។អាញ់បានសារភាពថាបានចាត់ចែងការភ្នាល់បាល់តាមអនឡាញតាំងពីឆ្នាំ២០១៩។ពេលរដូវប្រកួតពេញបន្ទុក ប្រាក់រាប់ពាន់លានដុងបានហូរកាត់គណនីរបស់ក្រុមខ្លួនជារៀងរាល់យប់។

ពួកអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមនេះរកបានប្រាក់ប្រមាណ១,៥ទ្រីលានដុង(៦៥,៤១លានដុល្លារ)តាមរយៈការចាក់ភ្នាល់បាល់នៅក្នុងប្រតិបត្តិការរកស៊ីខុសច្បាប់រយៈពេល២ឆ្នាំរបស់ខ្លួន។ឥឡូវ អាញ់និងសមាជិកដទៃទៀតនៃក្រុមនេះកំពុងត្រូវស៊ើបអង្កេតពីបទបើកការភ្នាល់ល្បែង លាក់ទុកនិងប្រើប្រាស់អាវុធខុសច្បាប់៕