នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលអំណោយជាម៉ាស់ ចំនួន៣០ម៉ឺន និងម៉ាស៊ីនសម្រាប់ បាញ់សម្លាប់មេរោគ ចំនួន២គ្រឿង ពីក្រុមហ៊ុន LIXIN GROUP នៅអគ្គស្នងការដ្ឋាននគរបាល ជាតិ។
ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុន LIXIN GROUP ដែលបានផ្តល់នូវម៉ាស៊ីនបាញ់ សម្លាប់មេរោគ ចំនួន២គ្រឿង ព្រមទាំងម៉ាស់ ចំនួន៣០ម៉ឺនម៉ាស់ ជំនួយនេះពិតជាសារសំខាន់ដល់ កងកម្លាំងនគរបាលជាតិ ក្នុងខណៈពេលដែលកំពុងតែចូលរួមក្នុងការតស៊ូ បង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩។
លោកគូសបញ្ជាក់ថា អំណោយនេះបានឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន LIXIN GROUP ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការរួមចំណែកពង្រឹងស្មារតីកងកម្លាំង ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។
ជំនួសមុខឲ្យថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាតិ លោកឧត្តម សេនីយ៍ឯក ឡោ សុឡេង សូមថ្លែងអំណរគុណ និងជូនពរចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក ក្រុមហ៊ុន LIXIN GROUP សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ទទួលបានជោគ ជ័យ លើគ្រប់ធុរកិច្ចរបស់ខ្លួន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងពិធីប្រគល់-ទទួលនេះ នាយកក្រុមហ៊ុន LIXIN GROUP បានថ្លែងថា ក្រុមហ៊ុនមានសេចក្តី សោមនស្សរីករាយ និងមានកិត្តិយស ដែលមានឱកាស ចូលរួមចំណែកក្នុងយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ជាមួយកងកម្លាំងនគរបាលជាតិ។ នាយកក្រុមហ៊ុនរូបនេះ បានបន្តថា ក្រុមហ៊ុន LIXIN GROUP បានបំពេញធុរកិច្ចនៅកម្ពុជា ជិត៨ឆ្នាំកន្លងមកហើយ និងបានផ្តល់កាងារជូនប្រជាជនខ្មែរប្រមាណជា ពីរពាន់កន្លែង៕