ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ណែនាំអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ បន្ដចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ១៩

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់នាយ និងពលអាវុធហត្ថទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបន្ដចូលរួមការពារ បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការបន្ដណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំ តាម ប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោក មេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយនូវ វិធានការ នៃការរស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង និងក្រើនរំលឹកដល់សមាជិកទាំងអស់ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងព្រម។

បន្ថែមពីនេះ ត្រូវធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារការងារស្នូលរបស់កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅដល់ការ ពង្រឹងសន្តិសុខសង្គម រក្សាសណ្តាប់សាធារណៈ ជួយដល់ពលរដ្ឋទន់ ខ្សោយ និងការងារ ដែលត្រូវអនុវត្តមួយចំនួនទៀតផងដែរ៕