ក្រសួងកសិកម្ម បង្ហាញមូលហេតុចម្បងៗ ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និង មិនទាន់ដោះស្រាយបាននៅឡើយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញពី មូលហេតុចម្បងៗមួយចំនួន ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និងមិនទាន់ដោះ ស្រាយបាននៅឡើយ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល ទទួលបាននៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាក់ថា មូលហេតុចម្បងទាំងនោះរួមមាន៖
១៖ ការថមថយផលត្រីពីធម្មជាតិដោយសារ៖
* កំណើនប្រជានេសាទ៖ បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកល ក្នុងការធ្វើនេសាទខ្ពស់។

* ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន។

* ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី។

* កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ នៃការផ្ទេរសិទ្ធិ អំណាចទៅថ្នាក់ក្រោមជាតិ។

២៖ មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រី នៅកម្ពុជារួមមាន៖
* មិនមានការព្រមព្រៀងណាមួយ រវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូល រួមទាំង បណ្តាញអ្នកគាំទ្រ ទាំងពីរភាគីនេះផងដែរ។

* មាននិន្នាការគាំទ្រការនាំចូល ក្នុងគោលបំណងគាំទ្រការធ្វើពាណិជ្ជកម្មសេរី និងគាំទ្រផលិតផល ដែលមានតម្លៃទាប ដើម្បីចែកចាយនៅលើទីផ្សារ សម្រាប់ប្រជាជនកម្ពុជា ដែលទទួលបានប្រាក់ ចំណូលទាប។

៣៖ ការប្រកួតប្រជែងទីផ្សារក្នុងស្រុក៖
* វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងតម្លៃប្រកួតប្រជែង ជាមួយផលិតផល នាំចូលបានទេដោយមូលហេតុ៖ ការជ្រើសរើសទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប (ខ្វះប្រភពទឹក, បរិស្ថានជុំវិញមិនគាប់ប្រសើរ), ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិ ការ និងចំណីក្នុងការចិញ្ចឹមមានតម្លៃខ្ពស់, បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយ ភាគច្រើនគ្រប់គ្រង ដោយបណ្តាញអាជីវករនាំចូលត្រី។

៤៖ យន្តការត្រួតពិនិត្យនៃការនាំចូល មានភាពស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ច នានាសម្រាប់អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើន។

៥៖ វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សា ពីតម្រូវ ការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃ សេវាក្នុងការផលិត កែច្នៃ និងស្តុក នៅមានតម្លៃខ្ពស់។

ក្រសួងកសិកម្មបន្ថែមថា ក្នុងបរិការណ៍នេះក្រសួង បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាម អភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីរួមចំណែកដោះស្រាយ បញ្ហាប្រឈមទាំង ឡាយ។

ក្រសួងបានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្មបានសហការយ៉ាងល្អប្រសើរ ជាមួយសមាគមវារីវប្បករ នៅកម្ពុជាផងដែរ។ អនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ ជាលទ្ធ ផលជាក់ស្តែងផលិតកម្មវារីវប្បកម្ម ក្នុងឆ្នាំ២០២០នេះ បានកើនឡើងរហូតដល់ជាង ៣០% បើ ប្រៀបធៀបនឹងឆ្នាំ២០១៩។

ជាការពិតធនធានមនុស្សពាក់ព័ន្ធនឹងការងារ វារីវប្បកម្មមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើវារីវប្ប កម្មនៅកម្ពុជា។ ជាក់ស្តែងមន្ត្រីជំនាញវារីវប្បកម្ម ត្រូវបានទទួលការបណ្តុះបណ្តាលក្នុង និងក្រៅ ប្រទេស និងបានយកចំណេះជំនាញនេះទៅបណ្តុះបណ្តាល ដល់កសិករឱ្យចេះចិញ្ចឹមត្រី នៅស្ទើរ តែគ្រប់រាជធានី ខេត្តដែលមានសក្តានុពលផលិត៕