រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា រាជរដ្ឋាភិបាលជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគ ដាំឈើគ្រប់រូបភាព ទាំងការ ដាំបែបលក្ខណៈគ្រួសារ និងការដាំដោយវិស័យឯកជន

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលជាប្រធានរដ្ឋបាលព្រៃឈើ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលជាប្រធានរដ្ឋបាល ជលផល និងសហការី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការបញ្ជាក់របស់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម កែវ អូម៉ាលីស្ស បានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក មានផ្ទៃដីសរុប ២៨,៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជ ឈើ អាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូន ប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ ផ្គង់ដល់វិស័យឯកជន។

ឯកឧត្តម កែវ អូម៉ាលីស្ស បន្ថែមថា សម្រាប់ថ្ងៃអនាគតផែនការរបស់រដ្ឋបាលព្រៃឈើ គឺអភិវឌ្ឍ តំបន់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិត ពូជឈើអាកាស្យា និងប្រេងខ្យល់ តាមរយៈការប្រើបច្ចេកទេសកាត់ត្រួយបណ្តុះឲ្យបាន ៥លានដើម ក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនេះ បង្កើនការផលិតពូជឈើពាណិជ្ជកម្មក្នុងស្រុកសម្រាប់ចែកចាយ និងដាំ ដុះនៅតាម ទីសាធារណៈចំនួន ១.៥លានដើម ក្នុងមួយឆ្នាំ។

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពជារួម របស់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ ដែលបានរួមគ្នាអភិវឌ្ឍន៍ ថែរក្សា និងការពារដីស្ថានីយប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញ លើកទឹកចិត្តឲ្យមានការ វិនិយោគដាំឈើគ្រប់រូបភាព ដូចជាការដាំបែបលក្ខណៈគ្រួសារ ការដាំដោយវិស័យឯកជនដូចជា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជនដាំឈើដៃគូសហការជាមួយនឹងរដ្ឋ ដើម្បីបង្កើត ការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ ឈើក្នុងស្រុក និងនាំចេញផលិតផលឈើពីចម្ការឈើដាំជំនួសប្រភពផ្គត់ផ្គង់ឈើចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តម ថា ហេតុដូច្នេះ រដ្ឋបាលព្រៃឈើត្រូវបន្តការងារផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និងសហ ការជាមួយគ្រប់ដៃគូតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍» ដើម្បីបន្តអភិវឌ្ឍន៍ មិនថា ស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេសគោលនយោបាយ ដាំឈើឲ្យកាន់តែផុលផុស និងកើនឡើងជាបន្តបន្ទាប់៕