នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភាកម្ពុជា បានបើក កិច្ចប្រជុំមួយ ដើម្បីពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលបានដាក់ពាក្យទៅកាន់រដ្ឋសភា ដើម្បី ស្នើធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ឱ្យដឹងថា បន្ទាប់ពីប្រជុំពិនិត្យមើលលក្ខណៈសម្បត្តិ រដ្ឋសភានឹងបញ្ជូនឈ្មោះបេក្ខជនទាំងពីររូបនេះ ទៅកាន់ គណបក្សឈ្នះឆ្នោត ក្នុងការសម្រេចចិត្តជ្រើសរើសបេក្ខជន១រូប ដើម្បីដាក់ជូនរដ្ឋសភាពេញអង្គ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដែលការធ្វើការសម្រេចចិត្តជ្រើសរើសនេះមានរយៈពេល៣ថ្ងៃ។
សូមបញ្ជាក់ថា ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕