សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម គម្រប់៨៥យាង ចូល៨៦ព្រះវស្សា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្វាយសារលិខិតមួយ ថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យឧត្តុង្គឧត្តមប្រសើរថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ព្រមទាំងភរិយា សូមព្រះ បរមរាជានុញ្ញាតអភិវន្ធសម្តែងថ្វាយនូវអំណរសាទរ ឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជ បញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ជាងរយ ព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំង ព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតា ធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈក្នុងព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទ្រង់តែងចំណាយព្រះបញ្ញាញាណ និងព្រះកាយពលប្រកបដោយព្រះគុណធម៌ និងព្រះមនុស្សធម៌ ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រ ជារាស្ត្រ ជាពិសេស ព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យមនុស្សធម៌ សុខុមាលភាព សង្គម និងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ព្រមទាំងក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាមមណ្ឌាទេវី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះ មេត្តា ទទួលនូវអភិវន្ទនកិច្ច និងព្រះសេយ្យភក្ដីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ៖