កាលពីថ្ងៃចន្ទទី១៤មិថុនាម្សិលមិញនេះ ក្រុងប៉េកាំង បានចោទប្រកាន់ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿនទាំង៧(G7)ថាលេងល្បិចកលនយោបាយបន្ទាប់ពីពួកមេដឹកនាំក្រុមនេះជួបប្រជុំគ្នាផ្ទាល់នៅអង់គ្លេសហើយរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងអំពីប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួននៅតំបន់ស៊ីនជាំងនិងដែនដីហុងកុង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រោយការជួបប្រជុំ៣ថ្ងៃនៅអង់គ្លេស ពួកមេដឹកនាំG7បានរិះគន់ចិនអំពីការរំលោភក្រុមជនជាតិភាគតិចនៅស៊ីនជាំង និងលើពួកសកម្មជនគាំទ្រលទ្ធិ ប្រជាធិបតេយ្យនៅហុងកុង ខណៈដែលប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បានអំពាវនាវអោយរដ្ឋាភិបាលក្រុងប៉េកាំង”ចាប់ផ្តើមធ្វើសកម្មភាពបែបទទួលខុសត្រូវឡើង ទាក់ទងនឹងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស”។ស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេសបានឆ្លើយតបទាំងកំហឹងនៅថ្ងៃចន្ទនេះ និងបានចោទប្រកាន់G7ថាជ្រៀតជ្រែក។
អ្នកនាំពាក្យស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមG7ឆ្លៀតយកបញ្ហាស៊ីនជាំងមកពាក់ព័ន្ធនឹងល្បិចកលនយោបាយហើយជ្រៀតជ្រែកមកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដែលយើងសូមប្រឆាំងជំទាស់យ៉ាងមុតមាំ “។ សេចក្តីថ្លែងបានចោទប្រកាន់G7ថា”ភូតកុហក” បង្កពាក្យចចាម អារ៉ាម និងធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន”៕