កម្មករជនជាតិខ្មែរម្នាក់ដែលធ្វើការងារសំណង់នៅប្រទេសថៃបានធ្លាក់ពីលើផ្ទះកម្ពស់ បីជាន់បណ្តាលឱ្យរបួសធ្ងន់ រួចស្លាប់ក្រោយបញ្ជូនមកព្យាបាលនៅពេទ្យឯប្រទេសកម្ពុជាវិញ ។
លោកវរសេនីយ៍យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឱ្យនៅថ្ងៃទី១៤ខែមិថុនាថា ជនរង គ្រោះឈ្មោះ ញិប ឃាន់ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ គោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ។
បើយោងតាមក្រុមគ្រួសារថា កាលពីនៅថ្ងៃទី១១ខែមិថុនា វេលាម៉ោងជាង២ រសៀល នាពេលកន្លងទៅនេះ ក្រុមគ្រួសារបានចំណាកស្រុកទាំងគ្រួសារ ទៅធ្វើកម្មករសំណង់នៅភូមិថៃរ៉ាត់ ឃុំមិនបូរី ខេត្តណងចក ប្រទេសថៃ។
ជនរងគ្រោះ(ប្តី) បានធ្លាក់ពីលើផ្ទះថ្មកម្ពស់បីជាន់ បណ្តាលឱ្យរបួសធ្ងន់ ។ក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃដែរ តែដោយរបួសធ្ងន់ ពេកមិនអាចព្យាបាលបានទើបបញ្ជូនមកប្រទេសកម្ពុជាវិញ គឺមកមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ខេត្ត បាត់ដំបង ។
លុះដល់ថ្ងៃទី១៣ខែមិថុនា វេលាម៉ោងជាង៥ព្រឹក ជនរងគ្រោះក៏បានស្លាប់ នៅមន្ទីរពេទ្យបង្អែកសំពៅលូន ហើយបានដឹកតាមរថយន្តពេទ្យមកដល់ផ្ទះនៃសពស្ថិតនៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក នៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះ ហើយអនុញ្ញាតិឱ្យធ្វើបុណ្យព្រោះការពិនិត្យសំណាកឃើញអវិជ្ជមានកូវីដ ១៩ ដែរ ។
ប៉ុន្តែអ្នករួមដំណើរមកជាមួយមានប្រពន្ធឈ្មោះ យុន ចាន់ណា អាយុ ៣៥ឆ្នាំនិងកូនស្រីឈ្មោះ ប៉ុយ សុវឿត អាយុ១៥ឆ្នាំត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃតាមវិធានរបស់ក្រសួងសុខាភិបាល ៕