លោកVolodymyr Zelensky បានសម្តែងការសោកស្តាយចំពោះការដែលលោកមិនបានរៀបគម្រោង ជួបជាមួយលោក Biden នៅមុនកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ី

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការ សោកស្តាយចំពោះការដែលលោកមិនបានគម្រោងជួបជាមួយលោក Joe Biden នៅមុនពេលដែល ប្រធានាធិបតីអាមេរិករូបនេះ ជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅសប្តាហ៍នេះ។

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មា នអន្តរជាតិនានា នៅថ្ងៃចន្ទនេះថា «វាជាការប្រសើរដែលមានកិច្ចប្រជុំមួយ (ជាមួយលោក Joe Biden) មុនពេលកិច្ច ប្រជុំកំពូលរបស់ប្រធានាធិបតីទាំងពីរ»។

សូមជម្រាបថា ជំនួបរវាងមេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធសប្តាហ៍នេះ ស្របពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរ ស្ថិតនៅកម្រិតខ្ពស់បំផុត ជុំវិញបញ្ហាវិវាទជាច្រើន មានចាប់តាំងពី ការវាយប្រហារតាមប្រព័ន្ធពត៌មានវិទ្យា, ការជ្រៀតជ្រែកកិច្ចការបោះឆ្នោត, ការចាប់ មេដឹកនាំបក្សប្រឆាំងរុស្ស៉ីដាក់ពន្ធនាគារ និងអ៊ុយក្រែន ជាដើម។

ក្តីរំពឹងអំពីភាពវិជ្ជមានសម្រាប់ជំនួបនេះ គឺមានកម្រិតទាបប៉ុណ្ណោះ ដោយមន្រ្តីរដ្ឋាភិបាលទាំងសង ខាង បានលើកឡើងម្តងហើយម្តងទៀតថា មេដឹកនាំទាំងពីរទំនងជាពុំអាចស្វែងរកចំណុចឯកភាព គ្នាបានច្រើននោះទេ៕