អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ បន្តបើកវគ្គបណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការចំនួន១០ រាជធានី-ខេត្ត

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រថវិកាដោយអង្គការភ្លែន អន្តរជាតិកម្ពុជា (Plan International Cambodia) បន្តបេីកវគ្គបំប៉នស្ដីពី ការប្រើប្រាស់សម្ភារឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ស្កាត់ គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» ដល់មន្ត្រីបង្គោលគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត ស្រុក និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្ស នៅសាលាគរុកោសល្យនិង វិក្រឹតការខេត្តចំនួន១០ រាជធានី-ខេត្ត។

រាជធានី-ខេត្តទាំង១៩នោះរួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ តាមប្រព័ន្ធអនឡាញ។

វគ្គបំប៉ននេះ ប្រព្រឹត្តទៅក្រោមអធិបតី លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួនជិត១០០នាក់ នាព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២១។

លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា បានមានប្រសាសន៍ ស្វាគមន៍ទៅកាន់អង្គពិធីថា វគ្គបណ្ដុះបណ្ដាល បំប៉នពង្រឹងសមត្ថភាពមន្ត្រីបង្គោលសុខភាពសិក្សា រាជធានី ខេត្ត និងគ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លើវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សម្ភារ ឧបទេសក្នុងការបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ ជាជំហាន និងចំណេះដឹងថ្មីមួយ បន្ថែមទៀតសម្រាប់លោកគ្រូ អ្នកគ្រូ និងគរុុសិស្សផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

លោក ឈឹម ផាន់ណា តំណាងអង្គការ Plan International Cambodia បានគាំទ្រ និងថ្លែងអំណរ គុណដល់អ្នកពាក់ព័ន្ធទាំងអស់និងបានបង្ហាញពីការបន្តជួយគាំទ្រដល់សកម្មភាពសង្គមពិសេសការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារប្រឆាំងនឹងការជួញដូរមនុស្ស។ លោកបានថ្លែងដោយរីករាយបន្ថែមថាអង្គការលោកទេីបទទួលបានការជួយដល់កម្ពុជាចំនួន ៥ឆ្នាំបន្តទៀត ពី២០២១-២០២៧។

ក្នុងនាមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាស នោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវយុទ្ធ សាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការងារជាមួយយុវជន ដែលជាទំពាំងស្នងឫស្សី បណ្តុះទំពាំង-ថែរក្សាទំពាំង ឱ្យលូតលាស់ក្លាយជាឫស្សី មានសុខភាពល្អ ប្រេីប្រាស់ធនធានបន្តវេនជួយអភិវឌ្ឍន៍ប្រទេសជាតិ បានរីកចម្រើនលូតលាស់ប្រកបដោយចិរភាព និងនវានុវត្តន៍។
ថ្លែងក្នុងនាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោកជំទាវ បណ្ឌិត សឿ សុជាតា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូ ដែលបានរួមគ្នាឈរលេីឆន្ទះតែមួយរួមគ្នាកសាងសហគមន៍មួយមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានការជួញដូរស្រ្តី និងកុមារ។

ជាមួយគ្នានេះ លោកជំទាវ បណ្ឌិត សឿ សុជាតា បានបន្តថា បញ្ហាគ្រឿងញៀនបានបង្កគ្រោះថ្នាក់ មហន្តរាយធំធេងណាស់ដល់សង្គមជាតិ ដោយបង្កជាអំពើហិង្សា អំពើពាលាអាវាសែ និងឧក្រិដ្ឋកម្ម រហូតឈានទៅដល់ការប្រព្រឹត្តនូវអំពើជួញដូរមនុស្ស នាំឱ្យខ្លួនឯងបាត់បង់អនាគត គ្រួសាររងទុក្ខវេទនា និងប្រទេសជាតិបាត់បង់ធនធានមនុស្ស-កម្លាំងពលកម្មសម្រាប់អភិវឌ្ឍន៍។

សូមបញ្ជាក់ថា វគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេសក្នុងការបង្រៀន «ការអប់រំ បង្ការ ការទប់ ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» សម្រាប់មធ្យមសិក្សាបឋមភូមិនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃគឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ៕