ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ចោទប្រកាន់ក្រុមប្រដាប់អាវុធ Karen ថាបានសម្លាប់មនុស្សចំនួន ២៥នាក់

តាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១បាន បញ្ជាក់អោយដឹងថាប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធា នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានចោទប្រកាន់ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (Karen) ថា បានសម្លាប់ កម្មករសំណង់ ២៥នាក់នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីបានចាប់ជំរិតមនុស្ស ៤៧នាក់កាល ពីខែមុន។

កាសែត The Global New Light និងទូរទស្សន៍ ម៉ាយ៉ាវ៉ាឌី (Myawaddy) ដែលគ្រប់ គ្រងដោយរបបយោធា នៃប្រទេសមីយ៉ាន់ម៉ា បានបង្ហាញនូវរូបភាពសាកសពចំនួន ២៥នាក់ដែល ត្រូវបានរកឃើញនៅក្នុងព្រៃ។ ពួកគេទាំងនោះ ជាអ្នកធ្វើការនៅការដ្ឋានសាងសង់ស្ពាន អ៊ូហ៊ូ គ្រីក (Uhu Creek) ដែលស្ថិតនៅស្រុក Myawaddy ជិតព្រំដែនជាមួយប្រទេសថៃ ហើយត្រូវបានចាប់ ជំរិតពីការដ្ឋានសំណង់កាលពីថ្ងៃទី៣១ ខែឧសភា ដោយក្នុងនោះក៏រួមមានក្មេង ១០នាក់ និងស្ត្រី ០៦នាក់ផងដែរ។

កាសែត The Global New Light បានគូសបញ្ជាក់ថា សាកសពចំនួន ០៧នាក់ត្រូវបានរកឃើញ នៅថ្ងៃទី១១ ខែមិថុនា ខណៈសាកសពសរុប ១៨នាក់ផ្សេងទៀតត្រូវបានរកឃើញនៅថ្ងៃទី១២ ខែមិថុនា។ ជុំវិញបញ្ហានេះ មន្ត្រីមកពីការដ្ឋានសាងសង់ស្ពាន បានពិនិត្យសាកសព និងអត្ត សញ្ញាណរបស់ពួកគេហើយ ដើម្បីជូនដំណឹងទៅកាន់ឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេ។

សូមបញ្ជាក់ តាមសារព័ត៌មាន Reuters បានចេញផ្សាយថា ពួកគេមិនអាចទាក់ទង អង្គការការពារជាតិការ៉ែន (KNDO) ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់ខាងលើនេះទេ។ អ្នកនាំពាក្យរបបយោធា ក៏មិនបានឆ្លើយតបចំពោះការហៅតាមរយៈទូរស័ព្ទដៃ ដើម្បីសុំការអត្ថា ធិប្បាយដែរ៕