កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ដែល បម្រុងឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ១០ នាក់ និង អ្នកបើករថយន្ត ១នាក់

តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹង នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ថា កម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ស្រុកស្វាយចេក ប្រចាំការនៅមុខខ្លោងទ្វារ ផ្លូវចូលភូមិតេជោភ្នំឆ័ត្រ និងកម្លាំងនគរបាលវរសេនា តូចការពារព្រំដែនគោក លេខ៩១១ ប៉ុស្តិ៍ថ្នល់បំបែកសហការជាមួយម្លាំង យោធា ការពារព្រំដែកគោកលេខ៥០៣ បានឃាត់ខ្លួនប្រជាពលរដ្ឋបម្រុងឆ្លងដែន ខុសច្បាប់ ទៅប្រទេសថៃ ១០ នាក់ និង អ្នកបើករថយន្ត ១នាក់ កាលពីវេលាម៉ោង៤និង ៣០នាទី រសៀល ថ្ងៃទី១២ មិថុនា នៅខាងជើង ភូមិតេជោភ្នំឆ័ត្រ ក្នុងភូមិសាស្ត្រ ភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។

លោកបានបន្តថា៖ ប្រជាពលរដ្ឋ (ពលករ) ដែលបម្រុងឆ្លងដែននោះ គឺសុទ្ធតែបុរស ដែលមានលំនៅ និងស្រុកកំណើត នៅខេត្តព្រៃវែង។ ចំណែកអ្នកដឹកជញ្ជូន ១ នាក់ ដែលត្រូវឃាត់ខ្លួន មានឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំ ជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។ អ្នកបើកបរនេះ បានបររថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota HIGHLANDER ) ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897។
ចំពោះប្រជាពលរដ្ឋទាំង ១០ នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យស្វាយចេក ។ ចំណែកអ្នកបើកបររថយន្ត បានកំពុងសួរនាំបន្ត ដោយនគរបាលស្រុក ហើយបន្ទាប់មក បានបញ្ជូនទៅ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់៕