កម្ពុជាបានរក្សាជំហរដ៏រឹងមាំក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ តាមផែនការរបស់ខ្លួនដោយមិនរង់ចាំការប្រែប្រួល នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមឡើយ។ ការប្រកាន់ជំហរនេះ ត្រូវបានប្រទេសសមាជិកអាស៊ាន សម្ដែងការគាំទ្រពេញទំហឹង ក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កាលពីថ្មីៗ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ស្របពេលវៀតណាម មានបំណងចង់ពន្យារពេលស៊ីហ្គេម ឆ្នាំ២០២១ ទៅពាក់កណ្ដាលឆ្នាំ២០២២ បានធ្វើឲ្យប្រទេសសមាជិកអាស៊ានជាច្រើន មិនយល់ស្រប ហើយក៏មានកង្វល់ខ្លាចប៉ះពាល់ដល់ ផែនការត្រៀមស៊ីហ្គេមរបស់កម្ពុជាទៀតផង។ តែក្រោយស្ដាប់ការលើកឡើង និងជំហរយ៉ាងមុតមាំ របស់កម្ពុជា ដែលបញ្ជាក់ដោយលោក វ៉ាត់ ចំរើន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានធ្វើឲ្យតំណាងគណៈកម្មាធិការជាតិអូឡាំពិក ទាំងអស់ សប្បាយចិត្ត និងគាំទ្រ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា «ខ្ញុំបានលើកឡើងអំពីរឿងរ៉ាវជាច្រើន ដែលទទួលបាន អនុសាសន៍ពី ឯកឧត្តមបណ្ឌិត ថោង ខុន ថាយើងមិនសម្រេចចិត្តអ្វីទាំងអស់។ ការសម្រេចចិត្តរបស់យើង បើមានការសម្រេចចិត្តខុសពីដំណើរការដែលយើងបានកំណត់រួចហើយ គឺយើងនឹងធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី០៥-ឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតស៊ីហ្គេមផ្លូវការ។ យើងនៅតែរក្សានូវការកំណត់របស់យើងដដែល មិនបោះបង់ការងារទាំងអស់នេះទេ គឺចង់ប្រែប្រួល យ៉ាងម៉េចៗ គឺទាល់តែស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលយើងដូចគ្នា ពីព្រោះកម្រិតនៃការរៀ បចំស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកសម្រេចរាល់ការងាររៀបចំ និងនយោបាយផ្សេងទៀត»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានបន្ដថា «ចឹងកម្ពុជាយើងនឹងរង់ចាំ ហើយយើងគិតថា ផលប៉ះពាល់វាចេះតែមានហើយ ដោយសារអ្វីដែលយើងបានគ្រោងទៅជាបន្ដបន្ទាប់ ហើយបើវៀត ណាមពន្យារពេលដល់ពាក់កណ្ដាលឆ្នាំ២០២២ ក៏វាអាចប៉ះពាល់តិចតួចដែរ ទៅដល់ផែនការរបស់ យើង តែមិនប៉ះពាល់អ្វីច្រើនទេ។ អ៊ីចឹងយើងនៅតែរក្សាជំហរដដែលថា យើងរង់ចាំនូវលទ្ធផលចុង ក្រោយនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងលទ្ធផលរបស់ម្ចាស់ផ្ទះវៀតណាម ដើម្បីសម្រេចក្នុងរយៈពេល ២សប្ដាហ៍ទៀត (ថ្ងៃទី២៤-មិថុនា)…»។
«ម្យ៉ាងវិញទៀត យើងនៅតែអនុវត្តការងារជាប្រចាំរបស់ CAMSOC ក្រោមការដឹកនាំរបស់សម្ដេច ពិជ័យសេនា ទៀ បាញ់ យើងនៅតែធ្វើឲ្យដំណើរការ នៃនីតិវិធីរបស់យើងដើរទៅមុខធម្មតា ដោយមិន មានការអាក់ខាន ឬក៏មិនរង់ចាំ ឬក៏មិនទោមនស្សទៅនឹងសភាព ឬការប្រែប្រួលនៃស៊ីហ្គេម នៅវៀត ណាមទេ។
យើងដឹងថា រឹងមាំក្នុងផែនការរបស់យើង ដោយសារប្រទេសទាំងអស់ គឺសប្បាយចិត្ត និងអបអរសាទរ ពិសេសវាយតម្លៃខ្ពស់ថា កម្ពុជាបានធ្វើការងារច្រើន និងមានភាពស្វាហាប់ក្នុងការងារ ហើយគេសង្ឃឹមជឿជាក់លើកម្ពុជា ដែលមិនមានការប្រែប្រួលក្នុងការធ្វើស៊ីហ្គេម ឆ្នាំ២០២៣។ នេះគឺជាជំហរអន្ដរជាតិ ដែលជឿទុកចិត្តលើកម្ពុជា» ៕