គ្រាដែលអាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីករណីអ្នកជំងឺកូវីដ១៩ស្លាប់ជាង៤០នាក់ទៀតនៅថ្ងៃសុក្រទី១១ មិថុនានេះ ក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃ បាននិយាយថាជិត៩០ភាគរយនៃករណីឆ្លងកូវីដ១៩ នាមួយរយៈពេលចុងក្រោយនេះវាបានបង្កឡើងដោយវីរុសកូរ៉ូណាបំប្លែងរូបឈ្មោះAlpha ជាប្រភេទវីរុសដែលគេរកឃើញដំបូងនៅអង់គ្លេសនិងចម្លងខ្លាំង។
លោកស៊ូផាគិត ស៊ីរីឡាក់ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា ការ សិក្សាលើ៤.១៨៥ករណី ចាប់ពីខែមេសាដល់ខែមិថុនា បានរកឃើញថា វីរុសកូរ៉ូណាប្រភេទAlphaបានចម្លងមនុស្សភាគច្រើនបំផុតនៅថៃ គឺ៣.៧០៣នាក់ ស្មើនឹង៨៨,៤៨ភាគរយ។លោកបានបន្ថែមថា ក្នុងចំនួនជាង៤ពាន់នាក់ខាងលើ មានតែ៣៤៨នាក់(៨,៣២%)ឆ្លងវីរុសប្រភេទDeltaជាប្រភេទវីរុសកូរ៉ូណាបំប្លែងខ្លួនដែលគេរកឃើញដំបូងនៅឥណ្ឌា និងមាន៩៨នាក់(២,៣៤%) ជាប្រភេទវីរុសកូរ៉ូណាB.1 (dade G), B.1 (dade GH), B.1.1.1 (dade GR)ដែលគេរកឃើញដំបូងនៅចិន។
ក្រៅពីនេះ ២៦នាក់(០,៦២%) ជាវីរុសប្រភេទBetaដែលគេរកឃើញនៅអាហ្វ្រិក និង១០នាក់ទៀត(០,២៤%)ជាវីរុសបំប្លែងខ្លួនB.1.524។
យោងតាមការសិក្សារបស់ក្រសួងសុខាភិបាលអង់គ្លេសនិងអង្គការសុខភាពពិភពលោក វីរុសកូរ៉ូណាប្រភេទAlphaនេះគ្រោះចម្លងខ្លាំងនិងសម្លាប់មនុស្សក្នុងកំរិតខ្ពស់ បើធៀបនឹងវីរុសដើម។ទោះជាយ៉ាងណា លោក ស៊ូផាគិត បាននិយាយថា វ៉ាក់សាំងនៅតែអាចកំទេចវីរុសប្រភេទនេះដោយប្រសិទ្ធភាព។
បើតាមលោក ស៊ូផាគិត វីរុសកូរ៉ូណា ឥណ្ឌាDeltaឆ្លងខ្លាំងជាងAlphaតែមិនបង្កជំងឺធ្ងន់ធ្ងរដូចAlphaទេហើយវ៉ាក់សាំងក៏នៅតែអាចបង្ក្រាបវាបាន។ ចំណែកវីរុសប្រភេទBetaចម្លងយឺតជាងDeltaនិងAlpha តែវានៅតែបង្កការស្លាប់ខ្លាំងជាវីរុសដើម៕