តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានចាត់ទុក លោក ប្រធានាធិបតី ចូ បៃដិន គឺជា «ខ្យល់ដង្ហើមបរិសុទ្ធដ៏ធំមួយ» ហើយក៏បានកោតសរសើរផងដែរ ចំពោះការប្តេជ្ញាចិត្តរបស់មេដឹកនាំអាមេរិករូបនេះ ក្នុងកិច្ចសហការការងារជាមួយបណ្តាសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាសកលសំខាន់ៗ រាប់ចាប់តាំងពីបម្រែសម្រួលអាកាស និង COVID-19 រហូតដល់ផ្នែកសន្តិសុខ។
លោក ចនសុន ហាក់មិនបានធ្វើការរំលឹក ឬប្រៀបធៀបណាមួយ រវាងលោក ចូ បៃដិន និងអតីត ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានផុតអាណត្តិដោយសារចាញ់ឆ្នោតនោះឡើយ នៅក្នុង ជំនួបទ្វេភាគីយ៉ាងត្រជាក់ត្រជុំ នៅក្នុងរមណីយដ្ឋាន ខាប៊ីស បេយ (Carbis Bay) នៃតំបន់ឆ្នេរ សមុទ្រអង់គ្លេស មួយថ្ងៃមុនកិច្ចប្រជុំកំពូល G7 ត្រូវប្រារព្ធឡើងនោះ។
ទោះជាយ៉ាងនេះក្តី អ្នកតាមដាននានាពិតជាបានមើលឃើញថា ការលើកឡើងរបស់លោក បូរីស ចនសុន ខាងលើនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ប្រធានាធិបតីអាមេរិក ដែលទើបឡើងកាន់ អំណាចបានប៉ុន្មានខែរូបនេះ មានទស្សន:ពហុភាគីនិយម ដែលធ្វើឲ្យសម្ព័ន្ធអឺរ៉ុបទាំងឡាយ ងាយ ស្រួលក្នុងការសហការជាមួយ ផ្ទុយពីអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានធ្វើឲ្យគ្រប់គ្នាតក់ ស្លុត។
លោក បូរីស ចនសុន បានលើកឡើងនៅក្នុងកិច្ចជំនួបរយៈពេល ២០នាទី ជាមួយលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «វាគឺជាខ្យល់ដកដង្ហើមដ៏បរិសុទ្ធធំមួយ។ វាបានក្លាយជាវគ្គសិក្សាដ៏វែង… វែងឆ្ងាយមួយ… យើងបានសិក្សាអំពីមុខវិជ្ជាដ៏ច្រើនសន្ធឹកសន្ធាប់… វាជារឿងថ្មី និងគួរឲ្យចាប់អារម្មណ៍ ហើយយើងកំពុងធ្វើការងារយ៉ាងសកម្មបំផុតជាមួយគ្នា»៕