ក្នុងពេលចូលរួមជំរឿនសត្វត្មាត ឆ្នាំ២០២១ នាថ្ងៃទី១០ ខែមិថុនា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិ ការ ក្រសួងបរិស្ថាន បានបញ្ចាក់ប្រាប់ថា សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យ ខ្ពស់ក្នុងការបាត់ពូជពីលើសកលលោក ខណៈចំនួនសត្វត្មាតនេះ នៅតែបន្តមានការធ្លាក់ចុះជារៀង រាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។
សត្វត្មាត មានវត្តមាននៅកម្ពុជា មានតែ៣ប្រភេទ គឺទី១៖ ត្មាតភ្លើង, ទី២៖ ត្មាតត្នោត និងទី៣ ត្មាតផេះ។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតពីផែនដី ប៉ុន្តែមានវត្តមាននៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តក្រចេះ នៃប្រទេសកម្ពុជា។
ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា នៅឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងបរិស្ថាន បានសហការ ជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន៥ដង ក្នុង១ឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមាន ត្រឹម ១២៩ក្បាលប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ហើយពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជា អាហារ។
ឯកឧត្តម រដ្ឋលេខាធិ ការ បានបញ្ជាក់ថា «មូលហេតុដែលនាំឱ្យសត្វត្មាតនៅប្រទេសកម្ពុជា មានការ ធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែង ខ្លាំងបំផុតពីការបំពុលរបស់មនុស្សការបាត់បង់ជម្រកការ ខ្វះខាតចំណីអាហារការបរបាញ់ តាមរយៈការដាក់អន្ទាក់ និងការបំពុល»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានដដែល បានបញ្ជាក់អោយដឹងទៀតថា «មន្រ្ដីឧទ្យានុរក្ស បានរកឃើញ វត្តមានសត្វត្មាតចំនួន ៦១ក្បាល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះរួមមាន៖ ត្មាតផេះ ចំនួន ៤០ក្បាល, ត្មាតភ្លើង ចំនួន២ក្បាល និងត្មាតត្នោត ចំនួន១៩ក្បាល នៅអាហារដ្ឋានត្មាត ក្នុង ភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែ»។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖ «លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាត នៅក្នុងដែនជម្រកសត្វ ព្រៃឆែប តែមួយនៅថ្ងៃទី៩ ខែមិថុនា នេះ មន្រ្ដីជំនាញបាននឹងកំពុងបូកសរុបលទ្ធផលក្រោយបញ្ចប់ ការធ្វើជំរឿន និងចេញផ្សាយរបាយការណ៍ក្នុងពេលឆាប់ៗនេះ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា ជំរឿនសត្វតា្មត គឺជាការអង្កេត តាមដានជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិ មានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការ ការពារ និងអភិរក្សឱ្យ មានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន៕