ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បន្តបើកកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្រ្ត ការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣»

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធ សាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីស្ថាន តំណាងកម្ពុជានៅបរទេសទាំងអស់ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនផងដែរ។

កិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ដែលកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែ មិថុនា ឆ្នំា២០២១ និងបានអញ្ជើញបើកដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន ជាពិសេស ដើម្បីជំរុញទំនាក់ ទំនងឱ្យកាន់តែជិតស្និទ្ធរវាងស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជននៅកម្ពុជា សំដៅ ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី២នេះ ឯកឧត្តម បណ្ឌិត ញឹម ខេមរា បានគូសបញ្ជាក់អំពីតួនាទី ដ៏សំខាន់របស់វិស័យឯកជន ដែលមិនអាចកាត់ផ្តាច់បាន នៅក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពីតួនាទីរបស់ក្រសួងការបរទេស ក្នុងការ សម្រប សម្រួលការងារការទូតសេដ្ឋកិច្ច ជាមួយក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ក្នុងន័យ ធ្វើឱ្យគ្រប់ តួអង្គកាន់តែយល់ពីគ្នា និងសហការគ្នាកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។

បន្ថែមលើនេះ នៅក្នុងបទបង្ហាញអំពីការងារការទូតសេដ្ឋកិច្ច ឯកឧត្តម ប្រាក់ ដាវីដ អនុរដ្ឋលេខា ធិការក្រសួងការបរទេស ក៏បានគូសបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ប៉ុន្តែ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងទេសចរណ៍ អន្តរជាតិ ដែលបណ្តាលឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមាននៅក្នុងឆ្នាំ២០២០។

ដើម្បីបន្តកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ទៅក្នុងសេដ្ឋ កិច្ចតំបន់ និងពិភពលោក តាមរយៈឧបករណ៍ដ៏មុតស្រួចរបស់ខ្លួន គឺយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ ក្រសួងការបរទេស ក្នុងការសម្របសម្រួលឱ្យមានកិច្ចប្រជុំនៅក្នុងព្រឹកនេះ។ អង្គប្រជុំបានឯកភាពគ្នាថា ការងារការទូតសេដ្ឋកិច្ច គឺជាការងាររួម ដែលគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជនត្រូវធ្វើការរួមគ្នា ហើយអង្គប្រជុំក៏បានឯកភាពក្នុងការចាត់ឱ្យមានតំណាង ១រូប មកពីគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ដើម្បីអាចចែករំលែកព័ត៌មានគ្នាទាន់ពេលវេលា និងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការងារការទូតសេដ្ឋកិច្ច គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃគោល នយោបាយការបរទេសកម្ពុជា ដែលត្រូវបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖
១៖ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់ មុតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម
២៖ បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ
៣៖ ការងារការទូតសេដ្ឋកិច្ច
៤៖ បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម
៥៖ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីការទូតកម្ពុជា៕