បុរសជនជាតិបារាំងអាយុ ២៨ ឆ្នាំម្នាក់ដែលបានពិពណ៌នាខ្លួនឯងថាជាអ្នកស្នេហាជាតិស្តាំនិយមឬស្តាំនិយមជ្រុល ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែកាលពីថ្ងៃព្រហស្បតិ៍ទី១០មិថុនាម្សិលមិញនេះ ពីបទទះកំផ្លៀងលោកប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុង។ លោកដាមៀន ថារែល ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើការរដ្ឋក្នុងប្រទេសបារាំងនិងហាមការកាន់កាប់អាវុធរយៈពេល ៥ ឆ្នាំផងដែរ។
ក្នុងអំឡុងពេលជំនុំជម្រះកាលពីថ្ងៃព្រហស្បតិ៍ លោកថារែលបានផ្តល់សក្ខីកម្មថា ការវាយប្រហារនេះគឺកើតចេញពីក្នុងចិត្តនិងមិនបានគ្រោងទុកទេ ហើយបង្កឡើងដោយកំហឹងចំពោះ”ការធ្លាក់ចុះសេដ្ឋកិច្ច” របស់បារាំង។
លោកថារែលបានអង្គុយត្រង់និងគ្មានភាពរំជើបរំជួលអ្វីទាំងអស់ នៅពេលតុលាការក្រុងវ៉ាឡង់ស្ថិតនៅចុងភាគខាងត្បូងប្រទេសផ្តន្ទាទោសគាត់ពីបទប្រើអំពើហិង្សាលើមនុស្សដែលមានអំណាចសាធារណៈ។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ខែនិងកាត់ទោសព្យួររយៈ ពេល ១៤ ខែបន្ថែមទៀត។ មិត្តស្រីរបស់គាត់បានស្រក់ទឹកភ្នែកក្រោយឮសាលក្រមនេះ ៕