ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយតឺតេ បានបង្កជម្លោះជាមួយអ្នកប្រដាល់ល្បីរបស់ពិភព លោក មែននី ប៉ាកគីអៅ ដោយបានរិះគន់ចំណេះដឹងនយោបាយការបរទេសរាក់កំផែលរបស់គាត់ បន្ទាប់ ពីព្រឹទ្ធសមាជិកនិងជាម្ចាស់ខ្សែក្រវាត់៨ ស្ថាប័នរូបនេះនិយាយថា គាត់មើលឃើញជំហររបស់មេដឹកនាំខាងលើនេះ ទៅលើសមុទ្រចិនខាងត្បូង គឺ“ទន់ជ្រាយ”។
នៅក្នុងបទសម្ភាសន៍ពេលរាត្រីជាមួយប៉ុស្តិ៍ព័ត៌មាន SMNIកាលពីថ្ងៃអង្គារទី ៨ មិថុនា កន្លងទៅថ្មី ៗនេះ លោកឌុយតឺតេ បាននិយាយថា ប៉ាកគីអៅ ដែលជាព្រឹទ្ធសមាជិកនិងជាសម្ពន្ធមិត្តជិតស្និទ្ធគួរតែ “សិក្សាជាមុន” មុនពេលចេញមកតតាំង។
លោកប៉ាកគីអៅបានតបតវិញកាលពីថ្ងៃពុធទី៩ មិថុនា នៅពេលរូបគាត់និយាយថាប្រទេសនេះគួរតែបន្តការសន្ទនាជុំវិញជម្លោះសមុទ្រចិនខាងត្បូង ប៉ុន្តែ”ត្រូវឈរយ៉ាងរឹងមាំក្នុងការការពារសិទ្ធិអធិបតេយ្យភាពរបស់យើង”។
សំដៅលើសាលក្រមតុលាការអន្តរជាតិឆ្នាំ២០១៦ ដែលឈ្នះដោយហ្វីលីពីនក្នុងករណីប្តឹងចិន ប៉ាកគីអៅបាននិយាយថា”ខ្ញុំជាជនជាតិហ្វីលីពីនម្នាក់ដែលនិយាយចេញនូវអ្វីដែលចាំបាច់ត្រូវនិយាយដើម្បីការពារនូវអ្វីដែលត្រូវបានកាត់សេចក្តីថាជារបស់យើងពេញសិទ្ធិ”។
ទោះបីជាលោកឌុយតឺតេ មានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រុកក៏ដោយ ក៏ប៉ុន្តែគាត់ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការបដិសេធមិនព្រមប្រឈមមុខជាមួយចិនជុំវិញសកម្មភាពឈ្លានពានរបស់យោធា ឆ្មាំសមុទ្រ និង ក្រុមទូកនេសាទរបស់ចិន ដែលលោកនិយាយដដែលថា “កុំទៅឈឺឆ្អាល ឥតប្រយោជន៍ទេ”។
ស្ថាប័នការពារជាតិនិងស្ថាប័នការទូតហ្វីលីពីនបាននិយាយខ្លាំងៗនាពេលថ្មីៗនេះអំពីវត្តមាននាវាចិនរាប់រយគ្រឿងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ដែលពួកគេនិយាយ ថាត្រូវបានគ្រប់គ្រងដោយកងជីវពលចិន។ ចិនបានបដិសេធការអះអាងនេះ។
លោកឌុយតឺតេ និយាយថាហ្វីលីពីនជំពាក់គុណចិនធំធេងណាស់ចំពោះការគាំទ្ររបស់ចិនលើវិស័យផ្សេងជាច្រើន ដែលការលើកឡើងនេះមិនធ្វើឱ្យប៉ាកគីអៅសប្បាយចិត្តទេ។លោកប៉ាកគីអៅ ដែលមានអាយុ ៤២ ឆ្នាំបាននិយាយកាលពីខែមុនថា រូបគេយល់ឃើញថាជំហររបស់លោកឌុយតឺទេ “ទន់ជ្រាយ” និង “ខ្លបខ្លាចគេ”៕