ការស្ទង់មតិបានបង្ហាញថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានបរាជ័យក្នុងការស្តារ មុខមាត់របស់សហរដ្ឋអាមេរិកនៅប្រទេសបារាំង និងអាល្លឺម៉ង់

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែ មិថុនាឆ្នាំ២០២១ម្សិលម៉ិញនេះ បានបញ្ជាក់អោយដឹងថា តាមការស្ទង់មតិថ្មីមួយបានបង្ហាញឲ្យដឹងថា កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមានឥទ្ធិពលបំផុត ត្រូវបានរង ផលប៉ះពាល់ខ្លាំងនៅក្នុងប្រទេសបារំាង និងអាល្លឺម៉ង់ បើប្រៀបធៀបនឹងកាលពីពេលមុននិងក្រោយ ជំងឺកូវីដ១៩ បានរាតត្បាត។

ការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយ មូលនិធិ Marshall របស់អាល្លឺម៉ង់ និងមូលនិធិ Bertelsmann បានឲ្យដឹងថា ការយល់ឃើញពី ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden គឺដូចគ្នាទៅនឹងលទ្ធផលកាលពីឆ្នាំមុន ដែលបានធ្លាក់ចុះប្រហែល ១០ពិន្ទុ ពីតួលេខមុនជំងឺកូវីដ១៩ បានរាតត្បាត។

ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចំនួន១១ នៅទូទាំងសហគមន៍អាត្លង់ទិក ដោយបាន បញ្ជាក់ថា «រយៈពេល ៣ខែដំបូងនៃរដ្ឋបាលលោក Biden មិនបានធ្វើឲ្យប្រសើរឡើងនូវទស្សនៈ របស់បារាំង និងអាឡឺម៉ង់ចំពោះឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅលើពិភពលោកឡើយ។ ហើយមួយភាគបីទៅពាក់កណ្តាល នៃប្រជាជនអឺរ៉ុបលែងគិតថា សហរដ្ឋអាមេរិកគឺជាមហាអំណាច នាំមុខគេតែឯងទៀតហើយ»។

ទន្ទឹមនឹងនេះដែរ ការស្ទង់មតិបានរកឃើញថា ឥទ្ធិពលរបស់ចិនត្រូវបានគេមើលឃើញថាមាន លក្ខណៈវិជ្ជមានច្រើនក្នុងចំណោមអ្នកឆ្លើយសំណួរវ័យក្មេង៕