កម្ពុជាធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ នៅលើទីតាំងចំនួន៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ បានសហការរៀបចំធ្វើជំរឿន សត្វត្មាតប្រចាំឆ្នាំ២០២១ នៅកម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅលើទីតាំងចំនួន ៤កន្លែង នៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង ខេត្ត រតនគិរី ដែលជឿជាក់ថា មានវត្តមានសត្វត្មាតរស់នៅ។

នេះជាការអង្កេតតាមដានជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដើម្បីដឹងថា តើនៅក្នុង តំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃជីវៈចម្រុះអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការ ការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ដែលបានចូលរួមធ្វើជំរឿនដោយផ្ទាល់នៅក្នុង ដែនជម្រកសត្វព្រៃឆែបថ្លែងឱ្យដឹងថា ជំរឿនសត្វត្មាតនៅប្រទេសកម្ពុជា ធ្វើឡើងដោយការប្រមូល ទិន្ន័ន័យពី ៤ទីតាំងផ្សេងគ្នានៅក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្ត និងចូល រួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG ) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈ ចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃឆែបតែមួយនៅថ្ងៃទី៩ ខែមិថុនា ត្រូវបូកសរុបក្រោយបញ្ចប់នៅល្ងាចថ្ងៃទី៩ ខែមិថុនានេះ។ គួរកត់សម្គាល់ថា នៅអាហារដ្ឋានត្មាត ក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកជំនាញបានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ក្បាលក្នុងនោះរួមមានត្មាតផេះ ចំនួន ៤០ ក្បាល ត្មាតភ្លើងចំនួន ២ក្បាល និងត្មាតត្មាតត្នោតចំនួន ១៩ក្បាល។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងខេត្តព្រះវិហារ ក្រសួង បរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារ ធម្មជាតិ តាមរយៈការផ្តល់ចំណីបន្ថែមមួយខែ ២ដងដល់សត្វត្មាត និងការពារសំបុកពងកូន អភិវឌ្ឍន៍នូវ ការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត នៅក្នុងខេត្តព្រះវិហារ។

ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណីបន្ថែមតាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន ១០ដងដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាត ជាប្រភេទជិតផុតពូជ បំផុតនៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជារួមមាន ត្មាតផេះ ត្មាត ភ្លើង និងត្មាតត្នោត ហើយសត្វត្មាតទាំងនោះមាន វត្តមាននៅភូមិដងផ្លិតក្នុងដែនជម្រកសត្វព្រៃឆែប។

សត្វត្មាតមានវត្តមាននៅកម្ពុជា មានតែបីប្រភេទគឺទី១៖ ត្មាតភ្លើង, ទី២៖ ត្មាតត្នោត និងទី៣៖ ត្មាតផេះ។ សត្វត្មាតជាប្រភេទជិតផុតពូជបំផុតពីផែនដី មានវត្តមាននៅខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងក្រចេះ នៃប្រទេស កម្ពុជា។

ក្រសួងបរិស្ថានបានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន ៥ដងក្នុងមួយ ឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ចំនួនសត្វត្មាតច្រើនបំផុត មានត្រឹម១២៩ក្បាលប៉ុណ្ណោះក្នុងប្រទេសកម្ពុជា ហើយពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជា អាហារ។

សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួន សត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹង ប្រែងការពារ និងអភិរក្សក៏ដោយ។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានការ ធ្លាក់ចុះខ្លាំងដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការ ខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល៕