ប្រទេសថៃ បានរាយការណ៍ពីករណីស្លាប់៤៣នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗ ២,៣១០នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation បានអោយដឹងថាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយ ការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣១០ករណី បន្ថែមទៀត នៅក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ ៣៨ ករណីប៉ុណ្ណោះជាករណីនាំចូល។

មជ្ឈមណ្ឌល CCSA ក៏បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោម ករណីឆ្លងថ្មីៗខាងលើនេះ មាន២,២០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១០២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ទីក្រុងបាងកក នៅតែជា កន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺចំនួន ៧៨៨ ករណី។ CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺ ចំនួន ៤៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៣,០៣៥នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញ ពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៧,៥៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៧៥នាក់ និងអ្នកជាសះ ស្បើយ ១៣៩,២៨៧នាក់។ ចំណែកចំនួននៃអ្នកបានចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានជាង៥.៤ លានដូស៕