យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ដែល ទទួលបាន នៅព្រឹកថ្ងៃទី១០ មិថុនានេះ បានបញ្ជាក់អោយដឹងថាវត្ថុបុរណចំនួន ២៧រូប ដែលមានរូបបដិមា ផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរ សំខាន់ៗ ត្រូវបានសហរដ្ឋអាមេរិកប្រគល់ឲ្យ កម្ពុជា ដើម្បីនាំយកមកមាតុភូមិវិញ។
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក Cyrus vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្តីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុ បុរាណរបស់កម្ពុជា ដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញាមកកម្ពុជា ដែលពិធី នេះប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមតាមរយៈប្រព័ន្ធវីដេអូ ពី ភ្នំពេញ ដើម្បីជាសាក្សីក្នុងការចុះហត្ថលេខានេះ។ ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជាប្រចាំ នៅអង្គការសហប្រជាជាតិ ក៏មានវត្តមានចូលរួមផងដែរ។
ក្នុងចំណោមវត្ថុបុរាណទាំងចំនួន២៧ ដែលត្រូវបានរកឃើញមកវិញ ដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនា សម័យអង្គរសំខាន់ៗមួយចំនួនដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ល។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះជាមួយការិយាល័យរដ្ឋអាជ្ញា។
លោកជំទាវ រដ្ឋមន្ត្រី ភឿង សកុណា ក្នុងពេលថ្លែងទៅកាន់ពិធីចុះហត្ថលេខា បានសម្តែងអំណរ គុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ការិយាល័យ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូវយ៉ក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូតនៃកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនេះត្រឡប់មកមាតុភូមិកម្ពុជាវិញ។
លោកជំទាវ រដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា ការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានសរបញ្ជាក់ ពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។
ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានបង្ហាញ ឲ្យឃើញជាថ្មី នូវលទ្ធផលផ្លែផ្កានៃអនុស្សារណៈនៃការយោគយល់គ្នា ចុះហត្ថលេខាដោយរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិ ការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌ រវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា «យើងខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីយើងអាចបញ្ឈប់ការជួញដូរ សម្បត្តិវប្បធម៌ខ្មែរ ខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌ របស់យើងត្រឡប់ទៅកម្ពុជាវិញ»។
ឯកឧត្តម ឯកអគ្គរាជទូត បានអំពាវនាវ និងលើកទឹកចិត្តដល់អ្នកនិយមសន្សំវត្ថុបុរាណខ្មែរទាំងអស់ ឱ្យពិនិត្យដោយយកចិត្តទុកដាក់ នូវប្រភពដើមនៃវត្ថុបុរាណរបស់ខ្លួន និងសូមទទួលដឹងថា សម្បត្តិវ ប្បធម៌ខ្មែរភាគច្រើនដែល នៅក្រៅប្រទេស ត្រូវបានយកចេញ និងជួញដូរដោយខុសច្បាប់ ហើយគួរ តែត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ៕