តាមប្រភពពីក្រសួងព័ត៌មានមីយ៉ាន់ម៉ា ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា របបយោធាមីយ៉ាន់ម៉ានៅថ្ងៃ ព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់ជាផ្លូវការហើយ ទៅលើលោកស្រី អោង សាន ស៊ូ ជី និងមន្ត្រី ជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ពីបទពុករលួយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «គណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានធ្វើអធិការកិច្ចលើសំណុំរឿងពុករលួយ របស់អតីត ទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី… ហើយលោកស្រីត្រូវបានគេរកឃើញថា ពិតជាបានប្រព្រឹត្ត អំពើពុករលួយប្រាកដមែន តាមរយៈការប្រើប្រាស់តំណែង និងតួនាទីរបស់លោកស្រី»។
គួរបញ្ជាក់ថា បើតាមច្បាប់មីយ៉ាន់ម៉ាបច្ចុប្បន្ន អ្នកនយោបាយដែលត្រូវផ្ដន្ទាទោស ឬចោទប្រកាន់ ជាផ្លូវការពីបទពុករលួយ អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ៕