កម្ពុជា-ថៃ បានឯកភាពគ្នា នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នៅប្រទេសកម្ពុជា

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញ ដែល ទទួលបាន បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋា ភិបាលថៃ នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ នៅប្រទេសកម្ពុជា។

ការសម្រេចនេះបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ដ្រី ដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ស្តីពី កិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ ដែល បានប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានឯកភាពនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នៅកម្ពុជា ហើយ សង្ឃឹមថា កិច្ចប្រជុំនេះនឹងអាចរៀបចំដោយមានការចូលរួមដោយផ្ទាល់»។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែម, រដ្ឋមន្រ្តីការបរទេសទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសកិច្ចសហការនៅតាមតំបន់ ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះប្រទេស ថៃ ដែលបានផលិតវ៉ាក់សាំងដោយជោគជ័យ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ព្រមទាំង វិស័យឯកជន ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ព្រមទាំងបានយកចិត្តទុកដាក់ថែទាំ សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងធ្វើ ការ និងរស់នៅក្នុងប្រទេសថៃ។

ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ប៊ីលានដុល្លារ ដែលត្រូវបានកំណត់ ដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីរួមលើកទី៣ កាលពីខែ កញ្ញា ឆ្នាំ២០១៧ ប្រមុខការទូតទាំងពីរ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីរខិតខំ ទ្វេដង ដើម្បីសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌ ពហុភាគី រួមមានអាស៊ាន (ASEAN) និងអាស៉ី-អឺរុប (ASEM) ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាព ដែលមានតាំងពីយូរលង់មកហើយ និងភាពជាអ្នកជិតខាងល្អ រវាងព្រះរាជាណាចក្រទាំងពីរ៕