យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលម៉ិញដែលទទួលបាន បានបញ្ជាក់ថាឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានកោតសរសើរចិនក្នុងការផ្តល់ឱសថ សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ រាប់លានដូស ដល់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា។
ការកោតសរសើរពីប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ច សហប្រ តិបត្តិការមេគង្គ-ឡានឆាងលើកទី៦ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងឆុងឈីង ប្រទេសចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឧបនាយក រដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ប្រទេសមេគង្គ-ឡានឆាង ត្រូវតែបន្តបង្ហាញសាមគ្គីភាពក្នុង ការដោះ ស្រាយវិបត្តិសុខភាពពិភពលោក និងត្រូវផ្តោតអាទិភាពជាចម្បង ក្នុងការធានានូវការទទួល បានគ្រប់ គ្រាន់នូវវ៉ាក់សាំង និងថ្នាំពេទ្យ ដែលជាទំនិញសាធារណៈសកល។
ក្នុងន័យនេះ ឯកឧត្តម ឧបនា យករដ្ឋមន្រ្តី បានថ្លែងសរសើរចំពោះការប្តេជ្ញាចិត្ត និងតួនាទីជាអ្នកដឹកនាំរបស់ចិន ក្នុងការ ផ្តល់នូវ ឱសថ សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនរាប់លានដូស ជូនដល់ បណ្តាប្រ ទេសមេគង្គបានទាន់ពេលវេលា»។
នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្រ្តីទាំងអស់ បានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានចូលរួមក្នុងកម្មវិធីបង្កើត គេហទំព័រថ្មីនៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ចិន ក៏ដូចជាពានរង្វាន់ រចនានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងវេទិកាទំនាក់ទំនងតាមប្រព័ន្ធអ៊ិនធឺរណែត «យុវជនមេគង្គ- ឡានឆាង តាមប្រព័ន្ធអ៊ិនធឺរណែត»។
រដ្ឋមន្រ្តីទាំងអស់បានថ្លែងកោតសរសើរដល់ ប្រទេសមេគង្គ-ឡានឆាង ដែលបានធ្វើការរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩។ រដ្ឋមន្រ្តីទាំងអស់ បានអំពាវនាវឱ្យពង្រឹង កិច្ចសហប្រតិបត្តិការរួមគ្នា ដោយផ្តោតសំខាន់ លើការផ្គត់ផ្គង់គ្រឿងបរិក្ខាវេជ្ជសាស្រ្ត និងវ៉ាក់សាំង ការចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតប ទៅនឹងការផ្ទុះឡើងនៃជំងឺរាតត្បាត និងការប្រើប្រាស់ ឱ្យបានពេញលេញនូវមូលនិធិពិសេសមេគង្គ-ឡានឆាង សម្រាប់សុខភាពសាធារណៈ សម្រាប់ដោះ ស្រាយការរាតត្បាតក្នុងពេលបច្ចុប្បន្ន និង អនាគត ។
រដ្ឋមន្រ្តីទាំងអស់បានក៏បានសម្តែងនូវការពេញចិត្តចំពោះមូលនិធិពិសេសមេគង្គ-ឡានឆាង ចំពោះ ការគាំទ្រ ដល់គម្រោងប្រមាណជាង ៥០០ នៅក្នុងវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម អប់រំ ការកាត់ បន្ថយភាពក្រីក្រ និងសុខាភិបាល ចាប់ពីពេលបង្កើតឡើង ព្រមទាំងបានកោតសរសើរ ប្រទេសទាំង ៦ ដែលបានខិតខំប្រឹងប្រែងអនុវត្តគម្រោង ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
រដ្ឋមន្រ្តីទាំងអស់ក៏បានស្វាគមន៍ចំពោះបញ្ជីគម្រោង គាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាង ឆ្នាំ២០២១ ដែលក្នុងនោះគម្រោងរបស់កម្ពុជាមានចំនួន ១២ ត្រូវបានអនុម័ត ដែលនាំឱ្យគម្រោង សរុបរបស់កម្ពុជាកើនឡើងដល់ ចំនួន ៦៧ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានសម្តែងការគាំទ្ររបស់កម្ពុជាចំពោះការសិក្សារួមគ្នាស្តីពីការផ្លាស់ប្តូរទម្រង់ នៃស្ថានភាពជលសាស្ត្ររបស់អាងទន្លេឡានឆាង-មេគង្គ និងយុទ្ធសាស្ត្រភាពធន់ ដែលកំពុង ត្រូវបានសិក្សាដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិការធន ធានទឹកឡានឆាង-មេគង្គ។
ជាចុងក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងអំពីសារៈសំខាន់ និងតួនាទី បំពេញបន្ថែមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយនឹងយន្តការអនុតំបន់ផ្សេងទៀត រួមមាន យុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងមហា អនុតំបន់មេគង្គ និងបានបញ្ជាក់ពីថាមភាព និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះ ក្នុងការជំរុញ នូវការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការកសាងភាពធន់ សំដៅលើកកម្ពស់គុណភាពកំណើន ក៏ដូចជា បង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។
កិច្ចប្រជុំបានបញ្ចប់ទៅជាមួយនឹងការអនុម័តលើ៖
១៖គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការស៉ីជម្រៅក្នុងចំណោមរដ្ឋាភិបាលថ្នាក់មូលដ្ឋាននៃប្រទេសឡានឆាង-មេគង្គ
២៖សេចក្តីប្រកាសរួមស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសឡានឆាង-មេគង្គ
៣៖ សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការស៉ីជម្រៅលើវិស័យឱសថបុរាណ ក្នុងក្របខ័ណ្ឌកិច្ច សហ-ប្រតិបត្តិការឡានឆាង-មេគង្គ៕