យោងតាមសារព័ត៌មាន DNTV នៅថ្ងៃពុធ ទី៩ ខែមិថុនានេះ បានឲ្យដឹងថា ស្ត្រីអាហ្វ្រិកខាងត្បូង ម្នាក់ បានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ក្រោយ សម្រាលកូនម្តង ១០នាក់ ហើយនេះគឺជាករណីដ៏គួរឲ្យភ្ញាក់ផ្អើលជាងករណីកាលពីខែមុន ពេល ដែលអ្នកស្ត្រី Malian Halima Cisse សម្រាលកូនបាន ៩នាក់ នៅប្រទេសម៉ារ៉ុក។
អ្នកស្ត្រី Gosiame Thamara Sithole អាយុ ៣៧ឆ្នាំ បានផ្តល់កំណើតឲ្យកូនខ្ចី ១០នាក់ កាលពី ថ្ងៃចន្ទ នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានីព្រីតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង ខណៈដែលស្កេនមើល ឃើញត្រឹមតែ៨នាក់ប៉ុណ្ណោះ។
នេះបើតាមលោកTeboho Tsotetsiដែលត្រូវជាស្វាមីបានបញ្ជាក់ប្រាប់។
បុរសជាស្វាមីដដែលបន្តថា ប្រពន្ធគាត់មកពីសង្កាត់ Tembisa តំបន់រដ្ឋបាល Ekurhuleni សម្រាលបានកូនប្រុស ៧នាក់ និងកូនស្រី ៣នាក់ ដោយការវះកាត់។ នាងបានពរពោះដោយសុវត្ថិភាព អស់រយៈពេល ២៩សប្តាហ៍ តាមធម្មជាតិ ពោលគឺមិនប្រើថ្នាំ ជំនួយអ្វីឡើយ។«មានក្មេងប្រុស ៧នាក់ និងក្មេងស្រី ៣នាក់។ នាងបានពរពោះ ៧ខែ និង ៧ថ្ងៃ។
ខ្ញុំពិតជារីករាយខ្លាំងណាស់ ហើយរកអ្វីនិយាយមិនបានឡើយ។ សូមរង់ចាំការសម្ភាសន៍ ម្តងទៀត នៅពេលព្រឹកចុះ»។ នេះជាការលើកឡើងរបស់បុរស ដែលមានទេព្យកោសល្យខាងលើ៕