មនុស្ស ៣៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៩ ខែមិថុនា ម្សិលមិញ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ

តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា មានជនសង្ស័យ៣៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿង ញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៣៦ នាក់នោះ មាន ២១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៣ករណី និងជនសង្ស័យ ១៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន០៦ករណី។

ឯកឧត្តមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូល ដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕