នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកបានអនុញ្ញាតទទួលជួបលោក ស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និង ពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម បណ្ឌិត ថោង ខុន បានស្នើដល់លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ជួយជំរុញភ្ញៀវទេសចរហ្វីលីពីន មកទស្សនានៅក្នុង ប្រទេសកម្ពុជាបន្ថែម ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ខណៈនៅ ពេលនេះកម្ពុជាកំពុង រៀបចំផែនការទទួលយកភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងហើយ ឫមក ពីកន្លែងដែលមាន ហានិភ័យទាបមកទស្សនា នៅក្នុងកន្លែងដែលមានសុវត្ថិភាពនៅកម្ពុជា។
ឯកឧត្តម បណ្ឌិត ថោង ខុន ក៏បាន ប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃជំងឺកូវីដ១៩ និងបានលើកឡើងពីផែនការយុទ្ធសាស្ត្រ ក្នុង ការត្រៀម បើកដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានបិទបញ្ចប់ផងដែរ។
ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កាលពីដើមឆ្នាំ២០២១នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ Video conference និងបានសម្រេចនូវ វិធានការនិងគោលដៅនានា ដើម្បីបើកនូវទេសចរណ៍ នៅក្នុងតំបន់អាស៊ានឡើងវិញ ដោយផ្តោតលើ ទេសចរ បានចាក់វ៉ាក់សាំងរួចហើយ និងបាន ដាក់ចេញផែនការមួយចំនួនដើម្បីទប់ស្កាត់នូវជំងឺកូវីដ ១៩ ដោយក្នុងនោះមាន ការរៀបចំឱ្យមានផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយរៀបចំឱ្យ មានជាវិធានសុវត្ថិភាពអនាម័យដែលអនុវត្តន៍នៅក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍អាស៊ានផងដែរ។
ឯកឧត្តម បណ្ឌិត ថោង ខុន បានបន្ថែមថា បច្ចុប្បន្ននេះក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯក សារទស្សនទានស្តីអំពីកញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេស ដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺ កូវីដ១៩នេះ។ ទាំងនេះគឺជាផ្នែកមួយនៃការត្រៀមលក្ខណៈឈានឆ្ពោះទៅការត្រៀមខ្លួនរបស់កម្ពុជា ទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ខាងមុខផងដែរ។
ជាការឆ្លើយតបលោកស្រី Maria Amerita C. Aquino បានឯកភាព នឹងជួយជំរុញបន្ថែមឱ្យបាន កំណើនទេសចរមកទស្សនាប្រទេសកម្ពុជា ក្រោយស្ថានភាពកូវីដ បានធូរស្រាល ជាមួយនឹងការជំ រុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរក្រោយស្ថានភាពកូវីដ បានធូ ស្រាល។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលមានសណ្តានចិត្តល្អ បានចាក់វ៉ាកសាំងទៅដល់ពលរដ្ឋហ្វីលីពីន ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា និងបានកោតសរ សើរពីយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះផង ដែរខណៈដែលលោកស្រីជឿជាក់យ៉ាងមុតមាំថាពន្លឺថ្មីនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា នឹងរះឡើងក្នុងពេលឆាប់ៗខាងមុខ អាស្រ័យដោយសក្តានុពលដ៏សម្បូរណ៍បែបនៃបេតិ កភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ៕