នៅក្នុងឆ្នាំនេះការផលិតអំបិលរបស់កម្ពុជា អាចបំពេញតម្រូវការក្នុងស្រុកគ្រប់គ្រាន់ មិនត្រូវការនាំចូលនោះឡើយ ! នេះបើតាមមន្រ្តីបានលើកឡើង

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត លោក សុខ គឹមជឿន ថ្លែងប្រាប់ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១អោយដឹងថាបើទោះបីជារយៈពេលប៉ុន្មានខែដើម ឆ្នាំ នេះមាន បញ្ហាដោយសារអាកាសធាតុមិនអំណោយផលក៏ពិតមែន តែអំបិលដែលផលិតបាននៅ ឆ្នាំនេះ មានចំនួនគ្រប់គ្រាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុង ស្រុកបាន។

នៅឆ្នាំនេះ ការផលិតអំបិលទទួលបានចំនួន ៦ម៉ឺន៥ពាន់តោន ហើយអំបិលនៅសល់ក្នុងស្តុកមាន ៤ម៉ឺន៥ពាន់តោនទៀត។ ដូច្នេះអំបិលសម្រាប់ឆ្នាំនេះ គឺគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ។

លោកបញ្ជាក់ឲ្យដឹងថា «មកដល់ពេលនេះ យើងមានអំបិលដែលប្រមូលបានពីការផលិតជាង ៦៥,០០០តោន និងបូករួមជាមួយនឹងអំបិលដែលយើងមាននៅសល់ក្នុងស្ដុកចំនួន ៤៥,០០០ តោន ទៀត សម្រាប់ឆ្នាំនេះអំបិលរបស់យើងអាចផ្គត់ផ្គង់ ចំពោះតម្រូវការទីផ្សារក្នុងស្រុកបានដូចឆ្នាំកន្លងទៅ ដែរ មិនត្រូវការនាំចូលពីក្រៅនោះទេ»។

លោកបញ្ជាក់ទៀតថា កន្លងមកនៅដើមឆ្នាំ និងជាដើមរដូវនៃការផលិតអំបិល ក្រុមអ្នកផលិតដែល ទទួលបានផលច្រើន គឺបានបញ្ចេញអំបិលលក់ ដើម្បីបង្វិលទុនសម្រាប់ដំណើរការផលិតរបស់ ខ្លួនបន្តទៀត ហើយពេលនោះតម្លៃអំបិលវិញក៏មានតម្លៃទាប ស្របពេលដែលឈ្មួញកណ្ដាល និង ដេប៉ូមានឱកាសប្រមូលទិញអំបិលនៅដើមរដូវនោះ សម្រាប់ស្តុកទុក ហើយឈ្មួញកណ្ដាល និងដេប៉ូ នឹងបញ្ចេញលក់វិញនៅពេលរដូវ ដែលបងប្អូនពលរដ្ឋធ្វើត្រីប្រហុកផ្អក ជាមួយនឹងតម្លៃខ្ពស់ជាងតម្លៃ នៅដើមរដូវផងដែរ។

លោកបានបន្ថែមថា ជាទូទៅការផ្គត់ផ្គង់អំបិលលើទីផ្សារ មានចន្លោះ១០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយ ការផលិតអំបិលទទួលបានទិន្នផលច្រើន គឺក្នុងអំឡុងពេល៣ខែជាប់គ្នា គឺខែកុម្ភៈ ខែមីនា និងខែ មេសា ព្រោះខែទាំងបីនេះជាខែក្ដៅខ្លាំង ការផលិតអំបិលទទួលបានផលច្រើន។

លោកបានបន្តថា ចំពោះដំណើរការផលិតអំបិលក្នុងខែមិថុនាឆ្នាំនេះវិញ ឃើញថា ជួបនឹងបញ្ហា អាកាសធាតុច្រើនជាងឆ្នាំកន្លងទៅ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យការ ផលិតអំបិលសឹងតែត្រូវបិទបញ្ចប់ទៅហើយ ខណៈឆ្នាំ២០២០កន្លងទៅក្រុមអ្នកផលិតអាចបន្ត ផលិតអំបិល បានរហូតដល់ខែសីហាឯណ្ណោះ។ ដូច្នេះបញ្ហាភ្លៀងកើតឡើងនៅខែមិថុនាឆ្នាំនេះ ប្រហែលជានាំឲ្យការផលិតអំបិល មិនអាចបន្តការផលិតតទៅទៀតបាន និងធ្វើឲ្យចំនួនតិចជា ឆ្នាំមុនផងដែរ៕