ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន(ASEAN STOM CHAIR) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៥១ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីពិនិត្យ និង ពិភាក្សាលើសកម្មភាព គម្រោង និងកម្មវិធីនានារបស់អាស៊ាន ដែលបានដាក់ចេញនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២១ និងពិនិត្យពិភាក្សាអំពីផែនការសកម្មភាព គម្រោង និងកម្មវិធីដែលត្រូវអនុវត្តនៅឆមាសទី២ ឆ្នាំ២០២១។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តម ប្រធានឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន បានគូសបញ្ជាក់ថា៖ ទោះបីពិភពលោកកំពុងទទួលរងនូវការរាតត្បាតជាបន្តបន្ទាប់ពីជំងឺកូវីដ-១៩ មិនធ្លាប់ជួបប្រទះពីមុនមកក៏ដោយ ក៏ការរាតត្បាតនៃជំងឺនេះ មិនអាចបញ្ឈប់ និងពន្យាពេលការ ជួបជុំ ឬដំណើរការការងារកិច្ចប្រជុំ របស់យើងបានឡើយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ឈៀង ពេជ្ ប្រធានឧត្តមមន្ត្រីដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមការងារ និងលេខាធិការដ្ឋានអាស៊ានដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងការដឹកជញ្ជូនឆ្នាំ២០២១ ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើក ចុងក្រោយ ក្នុងខណៈពេលមានជំងឺរាតត្បាតពីកូវីដ-១៩។
គួរបញ្ជាក់ថា: សហសេវិកនិងដៃគូសន្ទនារបស់អាស៊ាន បន្តដើរតួនាទីយ៉ាង សំខាន់ ក្នុងការគាំទ្រ របៀបវារៈស្តីពីការដឹកជញ្ជូន តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិ បត្តិការពាក់ព័ន្ធ។ ដូច្នេះភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយដៃគូសន្ទនាទាំងឡាយ ត្រូវតែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បី ដោះស្រាយបញ្ហាប្រឈមថ្មីៗដែលអាចនឹងកើតមានឡើងនាពេលអនាគត៕