មន្រ្តីជាន់ខ្ពស់ចាត់ទុកព្រឹត្តិការពិព័រណ៍ឧស្សាហកម្មជាគ្រឿងម៉ាស៊ីនវិនិយោគអន្តរជាតិកម្ពុជា

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានចាត់ទុក ព្រឹត្តិការពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន អន្តរជាតិ កម្ពុជា ឆ្នាំ២០១៩ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិកម្ពុជា បានជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ការវិនិយោគទុនរបស់បរទេសនៅកម្ពុជា និងជាឱកាសក្នុងការស្វែងរកដៃគូរធ្វើពាណិជ្ជកម្មផងដែរ។

លោក សុន សេងហួត អនុរដ្ឋលេខាធិការ ជាតំណាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធ “ពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីនអន្តរជាតិកម្ពុជា២០១៩និង“ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិកម្ពុជា ២០១៩ទី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោក អនុរដ្ឋលេខាធិការ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង រួមសហការជាមួយក្រសួងនិងបណ្តាអង្គភាពផ្សេងទៀត ដូចជាសមាគមកាត់ដេរកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ឧស្សាហកម្មដ៏មានសារៈសំខាន់នេះដើម្បីជំរុញការអភិវឌ្ឍវិស័ឧស្សាហកម្មនិងការវិនិយោគទុនបរទេសនៅកម្ពុជា ជាពិសេស ដើម្បីលើកស្ទួយដល់សកម្មភាពនាំចេញនិងនាំចូល និងបង្កើតនូវឱកាសសម្រាប់បណ្តាឧស្សាហករ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង ឬ ក៏ផ្លាស់ប្តូរគ្រឿងបរិក្ខារចាស់ៗ ស្វែងរកកិច្ចសហការ និងឱកាសធុរកិច្ចថ្មីៗ។

កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញការនាំចេញ ដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលប្រកបដោយនិរន្តរភាព និងអភិវឌ្ឍផលិតផល ដែលបន្ថែមលើតម្លៃឱ្យកាន់តែខ្ពស់ ស្របពេលដែលប្រទេសជាតិ កំពុងទទួលបានកំណើនមួយដ៏ខ្លាំងក្លា និងបានចាត់ទុកវិស័យឧស្សាហកម្មរបស់កម្ពុជា ថាជាសសរដ៏រឹងមាំ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែចាប់ផ្តើមទទួលបាននូវការរីកចម្រើន ដល់នឹងនរក្នុងលក្ខណៈវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

លោកឧកញ៉ា នួន ម៉ងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាថា សេដ្ឋកិច្ចកម្ពុជា បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបាននូវកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល៧% នៅក្នុងទសវត្សកន្លងមក។ ផ្នែកឧស្សាហកម្មបានដើរតួនាទីមួយដ៏សំខាន់ ជាគន្លឹះក្នុងការជំរុញកំណើននៅពេលអនាគតរបស់កម្ពុជា។ បណ្តាសហគ្រាសធុនតូច និងមធ្យម គឺជាចំណុចសំខាន់ ដើម្បីផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជាជាពិសេសឧស្សាហកម្មគ្រឿងម៉ាស៊ីន ដែលកំពុងបម្រើការដល់ផលិតកម្មនានានោះ ត្រូវបានចាត់ទុកថា ជាតួនាទីដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការទ្រទ្រង់ពាណិជ្ជកម្មសេរី និងចំណុចនានា នៃការធ្វើសមាហរណ៍សេដ្ឋកិច្ច។

ចំណែកលោកឧកញ៉ា ឈិន កេន ក្រុមប្រឹក្សាភិបាល សម្ព័ន្ធ សមាគមសហគ្រាធុនតូច និងមធ្យមកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ទាំងនេះថា ជាព្រឹត្តិការណ៍ដែលល្អប្រសើរនៅកម្ពុជា សម្រាប់ធ្វើអន្តរជាតិភាវូបនីយកម្ម និងអាជីពរបស់សហគ្រាស់ក្នុងស្រុកនិងសហគ្រាសអន្តរជាតិ ដើម្បីបង្កើនដំណើរការ នៃការធ្វើឧស្សាហូបនីយកម្ម សម្រាប់បណ្តាឧស្សាហកម្មដែលពាក់ព័ន្ធនានានៅកម្ពុជា។ ហើយ SME កម្ពុជារីករាយនិងគាំទ្រចំពោះព្រឹត្តិការអន្តរជាតិមួយនេះ ព្រោះបានបង្កើននូវចំណេះដឹងឧស្សាហកម្ម និងទំនាក់ទំនងឧស្សាហកម្មឱ្យកាន់តែល្អប្រសើរ ក្នុងការជំរុញការរីកចម្រើនដល់វិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាប្រយោជន៍ក្នុងការទំនាក់ទំនងធុរកិច្ចដ៏ស្និទ្ធស្នាលផងដែរ៕