អភិបាលក្រុងព្រះសីហនុថ្លែងអំណរគុណសប្បុរសជនដែលជួយស្ថាបនាផ្លូវបេតុង ក្នុងសង្កាត់លេខ១

ខេត្តព្រះសីហនុ ៖ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង កាលពីរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ នេះ បានចុះពិនិត្យផ្លូវមួយខ្សែ ដែលជាជំនួយឧបត្ថម្ភ របស់វិស័យឯកជន ដោយបានជួយជួសជុល ពីផ្លូវដីឲ្យក្លាយទៅជាផ្លូវបេតុងជំនួសវិញ ដើម្បីជួសម្រួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

ផ្លូវបេតុងនេះ មានប្រវែង ១ពាន់ ២០០ម៉ែត្រ ដោយចំណាយថវិកាជួសជុលប្រមាណ ២៦មុឺនដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីសាលាសង្កាត់លេខ១ បានឲ្យដឹងថា ផ្លូវកំពុងស្ថាបនាថ្មីនេះ តភ្ជាប់ពី សាលាសង្កាត់លេខ១ ឆ្ពោះទៅ ផ្នែកខាងក្រោម ឬផ្នែកខាងក្រោយមូលដ្ឋានសង្កាត់លេខ១។

ទាក់ទិនបញ្ហានេះ លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលក្រុង ក៏ដូចជាក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់លេខ១ សូមថ្លែងអំណរគុណដល់ លោក លី សារុន និងក្រុមការងារខាងវិស័យឯកជន ដែលបានបរិច្ចាគថវិកាជួយជួសជុលផ្លូវបេតុងមួយខ្សែខាងលើនេះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងបង្ហាញពីទឹកចិត្តសប្បុរសធម៌ ជាពិសេសបានចូលរួមចំណែក ក្នុងបេសកម្មភាពអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ចំណែក លោក លី សារុន ជាតំណាងឲ្យវិស័យឯកជន ដែលបានចូលរួមសហការ ជួយស្ថាបនាផ្លូវបេតុងមួយខ្សែរ នៅសង្កាត់លេខ១ មានប្រសាសន៍ថា ក្នុងនាមលោក ជាតំណាងមិត្តរួមអាជីព ដែលបានសហការកាយផ្លូវកែសម្រួលប្រព័ន្ធលូបង្ហូរទឹកក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងរដ្ឋបាលខេត្តសាលាខេត្តព្រះសីហនុ ក៏ដូចជាលោកចៅសង្កាត់លេខ១។ លោកសូមអភ័យទោស ចំពោះពុកម៉ែបងប្អូនទុកជាមុននៅក្នុងអំឡុងពេល ដាក់គ្រឿងចក្រ ដើម្បីឈូសឆាយធ្វើផ្លូវខាងលើនេះ ព្រោះវាអាចមានផលប៉ះពាល់ក្នុងការធ្វើដំណើរ ក្នុងរយៈពេលខ្លី។

ផ្តើមពីបញ្ហានេះ លោក លី សារុន បានស្នើដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ ជាមួយវិស័យឯកជន របស់លោក ដើម្បីបញ្ចៀស នូវរសល់បញ្ហាផងទាំងឡាយ។បន្ថែមលើនេះ លោក ក៏ស្នើដល់អាជ្ញាធម៌ សូមជួយបញ្ជូនកម្លាំងសមត្ថកិច្ច ឬប្រជាការពារជាដើម ជួយសម្របសម្រួលចរាចរណ៍ ដើម្បីបញ្ចៀសការកកស្ទះ នៅក្នុងអំឡុងពេលគ្រឿងចក្រ ចុះឈូសឆាយ ពង្រាបស្ថាបនាថ្មីនេះ ដោយអនុគ្រោះផង៕